កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងជាមិត្តភាពរវាងធនាគារកណ្តាលប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។
ធនាគារជាតិនៃកម្ពុជា បានប្រកាសថា គម្រោងអភិវឌ្ឍប្រព័ន្ធ QR code នេះ ជាជំហានដំបូង គឺសម្រាប់ទូទាត់ជាទូទៅ ដូចជា ការទូទាត់របស់ភ្ញៀវទេសចររបស់ប្រទេសទាំងពីរ និងបន្ទាប់មក នឹងបង្កើនវិសាលភាពដល់ការផ្ទេរប្រាក់របស់កម្មករ និងការទូទាត់ក្នុងពាណិជ្ជកម្ម និងវិនិយោគ។
តាមរយៈការប្រើប្រាស់ QR Code នេះ នឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល ទទួលបានផលចំណេញជាច្រើន ដូចជា អាចធ្វើការទូទាត់ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួន សម្រាប់ចំណាយទិញទំនិញ ឬទូទាត់ចំណាយនានា ដូចជា សេវាព្យាបាល ជាដើម នៅលើទឹកដីថៃដោយងាយស្រួល សុវត្ថិភាព និងចំណាយតិចបំផុត បើធៀបទៅនឹងការប្តូរនិងការកាន់សាច់ប្រាក់បាតទៅចាយលើទឹកដីថៃ។ ដូច្នេះ ប្រជាជនកម្ពុជា នឹងមិនចាំបាច់ខ្វល់ខ្វាយពីការប្តូរប្រាក់ ដែលពេលខ្លះអាចទទួលរងនូវការខាតបង់ពីការប្តូរប្រាក់ ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយអាចធ្វើការចំណាយដោយមិនចាំបាច់ព្រួយបារម្ភពីការបាត់បង់និងខ្វះខាតប្រាក់បាតថៃ នៅពេលដែលមានគណនីជាប្រាក់រៀលនៅកម្ពុជា។
លើសពីនេះ ការប្រើប្រាស់ QR Code ក៏នឹងអាចអនុញ្ញាតឱ្យពាណិជ្ជករទូទាត់ថ្លៃទំនិញឱ្យគ្នាដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើការប្តូរប្រាក់នៅតាមភ្នាក់ងារប្តូរប្រាក់នានាផងដែរ ចំណែកឯកម្មករកម្ពុជាដែលធ្វើការនៅប្រទេសថៃក៏នឹងអាចផ្ទេរប្រាក់ទៅគ្រួសាររបស់ខ្លួន តាមរយៈប្រព័ន្ធនេះ ជាមួយនឹងការចំណាយទាប និងមានសុវត្ថិភាពបំផុត។
គួរបញ្ជាក់ផងដែរថា គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងក្លាយជាកម្លាំងចលករមួយទៀត ចំពោះការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀល ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទាំងក្នុងស្រុក និងនៅក្រៅស្រុក ស្របតាមគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀត ការប្រើប្រាស់ QR Code ជាមួយនឹងគណនីជាប្រាក់រៀល នឹងជួយបង្កើនការប្រើប្រាស់ប្រព័ន្ធទូទាត់ផ្លូវការ ដែលធ្វើឱ្យការចំណាយលើប្រតិបត្តិការមានតម្លៃទាប ងាយស្រួលនិងមានសុវត្ថិភាព ជាពិសេសចំពោះប្រតិបត្តិការតូចៗរបស់ប្រជាជនក្រីក្រ និងថ្នាក់កណ្តាល៕