នៅឆ្នាំ២០១៩ នេះ ធនាគារជាតិនៃកម្ពុជា នឹងរួមចំណែករក្សាស្ថិរភាព នៃការអភិវឌ្ឍន៍វិស័យធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងពង្រីកមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ។
តាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ដើម្បីរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ ធនាគារ ជាតិនៃកម្ពុជា នឹងគ្រង់គ្រងការផ្គត់ផ្គង់រូបិយវត្ថុឲ្យស្ថិតក្នុងកម្រិតសមស្រប ទៅតាមស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ច ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីរួមចំណែកស្ថិរភាពថ្លៃ និងជំនឿទុកចិត្តរបស់អតិថិជន។
លើសពីនេះ បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់ រៀល តាមយន្តការទីផ្សារ និងការជម្រុញអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារ និងឧបករណ៍គោលនយោបាយហិរញ្ញវត្ថុ ដើម្បីចូលរួម លើកកម្ពស់គោលនយោយហិរញ្ញវត្ថុ ។
ចំណែកជាទស្សនវិស័យអនាគតរបស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០១៩ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹង អាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយអត្រាអតិផរណាទាប ២,៦% នឹងមានស្ថិរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤០៥០រៀល ក្នុងមួយដុល្លារអាមេរិក ចំពោះការរំពឹងទុកនេះ គឺពឹងផ្អែកទៅលើកត្តាអំណោយផលទាំងខាងក្រៅ និងខាងក្នុង បើសេដ្ឋកិច្ច កម្ពុជាប្រឈមនឹងហានិភ័យមួយចំនួន ដែលអាចទាញឲ្យកំណើនសេដ្ឋកិច្ចថមថយយ៉ាងណាក៏ដោយ ។
ពាក់ព័ន្ធកត្តាអំណោយផលខាងក្រៅនៃកំណើន ក្នុងនោះកំណើនសេដ្ឋកិច្ចពិភពលោកអាចបន្តសម្រេចបាន ៣,៧% ដូចឆ្នាំ២០១៨ ដែលនឹងរួមចំណែកគាំទ្រការវិនិយោគ ការនាំចេញ និងវិស័យទេចរណ៍កម្ពុជា នឹងមានលទ្ធភាពបម្លាស់ទីមូលដ្ឋានផលិតកម្មពីប្រទេសចិនមកកម្ពុជា ប្រសិនបើមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន អូសបន្លាយ ក្នុងនោះគឺជម្រុញឲ្យមានការកើនឡើងនៃសមាមាត្រវិនិយោគផ្ទាល់ពីបរទេស ពីវិស័យផ្សេងៗក្រៅពីសំណង់ និងអចលនទ្រព្យ រួមជាមួយការកើនឡើងនៃពិពិធកម្មផលិតផលនាំចេញ ពិសេសនៅក្នុងវិស័យកម្មន្តសាលជាដើម ។
ដោយឡែកកត្តាអំណោយផលផ្នែកខាងក្នុងវិញ នឹងរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះសម្រាប់បន្តអភិវឌ្ឍន៍សេដ្ឋកិច្ច ការរីកចម្រើននៃវិស័យធនាគារ ប្រកបដោយភាពរឹងមាំនិង បរិយាប័ន្ន ការបន្តរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ ដែលជួយសម្រួលនិងកាត់បន្ថយចំណាយការធ្វើដំណើរ នឹងដឹកជញ្ជូន។
ក្នុងនោះការអនុត្តន៍ការពង្រឹកថវិការ ក្រោមក្របខណ្ឌតម្លាភាព ដែលនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការវិនិយោគសាធារណៈ ព្រមទាំងបន្តបានជាផ្លៃផ្កានៃកំណែទម្រង់ស៊ីជម្រៅ ដែលនឹងធ្វើឲ្យធនាគារជាតិនៃកម្ពុជា នឹងបន្តរួមចំណែករក្សាស្ថិរភាពថ្លៃ ការអភិវឌ្ឍន៍វិស័យធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងពង្រីកមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ៕