ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តមណ្ឌលគិរីត្រៀមដីចំនួន៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្ដហោះថ្មីនៅពេលរាជរដ្ឋាភិបាលត្រូវការ

មណ្ឌលគិរី៖ លោកស្វាយ សំអ៊ាង អភិបាលខេត្ដមណ្ឌលគិរី បានបង្ហាញអំពីគម្រោង នៃការសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេះ ខណៈខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ហើយ ប្រមាណ៦០០ហិកតា នៅពេលរាជរដ្ឋាភិបាលត្រូវការ ក្នុងការសងសាង់។ ទីតាំងគម្រោងព្រលានយន្ដហោះថ្មីនេះ គឺមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ។
តាមការបញ្ជាក់ឲ្យដឹងពី លោក ស្វាយ សំអ៊ាង នៅថ្ងៃទី១៦ កក្កដានេះថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ពោលនៅកន្លែងចាស់នាពេលបច្ចុប្បន្ន ហាក់មានសភាពចង្អៀត ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញច្រើន។
រាជរដ្ឋាភិបាលសាងសង់ព្រលានយន្ដហោះថ្មីនោះ ព្រលានយន្ដ ហោះចាស់ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ ពោលរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពល​រដ្ឋលំហែកម្សាន្ដ។
លោក ស្វាយ សំអ៊ាង បានថ្លែងយ៉ាងដូច្នេះថា យើងទុកទីតាំងព្រលានចាស់នោះធ្វើជាសួនច្បារ ហើយយើងរកទីតាំងថ្មី ដែលទីតាំងថ្មីនេះយើងមានផ្ទៃដីប្រមាណជា៦០០ហិចតា ដែលឃ្លាតពីក្រុងសែន មនោរម្យ ប្រមាណជាង២០គីឡូម៉ែត្រ។ ទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅស្រុក ឬខាតអន្ដរជាតិ ដែលនេះអាស្រ័យលើការសិក្សារបស់អាកាសចរស៉ីវិល និងក្រសួងពាក់ព័ន្ធ»។
អភិបាលខេត្តមណ្ឌលគីរី បានអះអាងថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។
ដោយឡែក ពាក់ព័ន្ធការរក្សាទុកព្រលានយន្ដ ហោះចាស់ រដ្ឋបាលខេត្តនឹងរៀបចំទៅជាសួនច្បារ ប៉ុន្ដែសួនច្បារនេះទៀតសោត នឹងត្រូវធ្វើឡើង​ជា ដំណាក់កាល មិនមែនធ្វើម្ដងសម្រេចនោះទេ ខណៈ បច្ចុប្បន្នកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធជាបណ្ដើៗ ហើយ ដោយមានដាំដើមឈើជាដើម។

យោងតាមអ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ធ្លាប់បានបង្ហើបប្រាប់នោះ ព្រលានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាង​សង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្ថានអាច នឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ គម្រោង នេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច។
សូមបញ្ជាក់ថា៖ សព្វថ្ងៃនេះកម្ពុជា មានអាកាស យានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាស​យានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង៕

ដោយ៖សំរិត