ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង២ពាន់នាក់នៅសហរដ្ឋអាមេរិក និងនៅប្រទេសប្រេស៊ីលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី១២ ខែសីហានេះ ដែលនៅអាមេរិកមានមនុស្សស្លាប់ដោយសារវីរុសCovid-19ចំនួន១៥០៤នាក់ និងនៅប្រេស៊ីលមានមនុស្សស្លាប់ចំនួន១២៤២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃពុធនេះដែរ វីរុសCovid-19បានសម្លាប់មនុស្សអស់ចំនួន ៦៣៣៦នាក់នៅជុំវិញពិភពលោក ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីចំនួន២៥៩៥៧៤នាក់ ដែលក្នុងនោះ ប្រទេសឥណ្ឌានាំមុខគេដែលមានមនុស្សឆ្លងថ្មីច្រើនបំផុតរហូតដល់៦១២៥២នាក់ និងមនុស្សស្លាប់ចំនួន៨៣៥នាក់។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃពុធនេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់២០ ៥១៤ ៤០៤នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់៧៤៥ ៦៩៣នាក់ ខណៈដែលមនុស្សជាសះស្បើយ បានកើនឡើងដល់១៣ ៤៣៤ ៤១៦នាក់៕