ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញបទពិសោធន៍ដ៏ជូរចត់របស់កម្ពុជាពីអតីតកាល និង​នយោបាយ​ឈ្នះ​-​ឈ្នះ​និងគុណតម្លៃសន្តិភាព

ភ្នំពេញ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំលឹក​ជូន​ប្រជាជននិងពិភពលោក អំពី​បទពិសោធ​ដ៏​ជូរចត់​របស់​កម្ពុជា​ពី​អតីតកាល​និង​ការ​អនុវត្ត​បាន​យ៉ាង​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ឆ្នាំ​១៩៩៨ បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ពី​តម្លៃ​សន្តិភាព ​និង​កាន់តែ​យល់​ពី​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​នៃ​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ គឺ​សន្តិភាព​និង​ស្ថិរភាព​។​

សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រំលឹក​ឡើងវិញ​ពី​តម្លៃ​សន្តិភាព​បែបនេះ តាមរយៈ​សារលិខិត​របស់​សម្ដេច​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ឆ្នាំ ២០២០​។​

​សម្ដេច​បានថ្លែងថា ថ្ងៃទី០៧ ខែ​កញ្ញា​ឆ្នាំ ២០០១ ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​វិសេសវិសាល ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៥​និង​ប្រទេស​សមាជិក​ទាំងអស់​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​កំណត់​យក​ថ្ងៃ​២១​កញ្ញា ជា​ទិវា​សន្តិភាព​ប្រចាំ​ឆ្នាំ​ ដើម្បី​ឧទ្ទិស​ដល់​ការបញ្ឈប់ រាល់​អរិភាព ​និង​ពង្រឹង​ឧ​ត្ត​ម​គតិ សន្តិភាព​របស់​ប្រជាជាតិ និង​ប្រជាជន​ទាំងអស់​នៅក្នុង​ពិភពលោក​។​

​ក្នុង​ឆ្នាំ ២០២០ នេះ ការ​ប្រារព្ធទិវា​សន្តិភាព​ក្រោម​មូលបទ “​ការ​កសាង​សន្តិភាព​ជាមួយគ្នា​” បាន​ប្រព្រឹត្តទៅ​ទន្ទឹមគ្នា​ និង​ការ​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​អង្គការសហប្រជាជាតិ​ដែល​ជា​ទិវា​ដ៏​មាន​សារៈសំខាន់​សម្រាប់​សហគមន៍​អន្តរជាតិ ក្នុង ការសម្ដែង​ចេញ​នូវ​សាមគ្គីភាព រួមគ្នា​ការពារ​ពហុភាគី​និយម​គោលបំណង​និង​គោល ការណ៍នៃធម្មនុញ្ញរបស់ អង្គការ​សហ ប្រជាជាតិ​ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​សម្រាប់​មនុស្សជាតិ​។​

​តាងនាម​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្ដេច​បាន​ចូលរួម​សំដែង​អំណរ​សាទរ ជាមួយ​បណ្ដា​ប្រទេស​សមាជិក អង្គការសហប្រជាជាតិ​ទាំងអស់ ប្រារព្ធ​ទិវា​សន្តិភាព​ដ៏​មហោ ឡារិកនេះ សំដៅ​លើកកម្ពស់ ការ​យល់ដឹង អំពី​អត្ថន័យ នៃ​សន្តិភាព ឲ្យ​កាន់តែ​ទូលំទូលាយ ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ បន្ត​ជំរុញ​ស្មារតី​និង​ពួតដៃគ្នា​ជា​ធ្លុង​មួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស នូវ​សុខសន្តិភាព​យូរអង្វែង សម្រាប់​កម្ពុជា​យើង​និង​ពិភពលោក ដើម្បី​បោះជំហាន​បន្តទៅ​មុខ​លើ​វិថី​អភិវឌ្ឍន៍ និង​ការរីកចម្រើន​។​

​សម្ដេច​បាន​រំលឹក​ថា កម្ពុជាទើបតែបានសុខសាន្តរស់នៅក្នុងសុខសន្តភាព និង​ឯកភាព​ជាតិ​ពេញលេញ​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ ក្រោយពី​ឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម ការបែកបាក់​រងទុក្ខវេទនា​ខ្លោចផ្សា​រក​ទីបំផុត​គ្មាន​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

​សម្ដេច​បន្តទៀតថា ដោយសារ​សន្តិភាព​នេះហើយ ដែល​កម្ពុជា​មានឱកាស​ប្រឹងប្រែង​ដោយ​ខ្លួនឯង ប្រកប ដោយ​មោទនភាព​បំផុត កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ ធានាបាន​នូវ​បរិយាកាស​កាស អនុគ្រោះ​សម្រាប់​លើកស្ទួយ​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។

នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងទន្លងទៅ កំណើនសេដ្ឋកិច្ច​កម្ពុជា​មានការ​កើនឡើង​ជុំវិញ​៧%​ជា​រៀងរាល់ឆ្នាំ​។​ប៉ុន្តែ​ជាការ​គួរ​ឲ្យ​សោកស្ដាយ រលក ព្យុះ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាននិងកំពុង​បោកបក់​មកលើ​សេដ្ឋកិច្ច​និង​សង្គម​នៅក្នុង​បណ្ដា​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​រួមទាំង​កម្ពុ​ជា​យើង​ផងដែរ​។​

​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​និង​វិបត្តិ​សេដ្ឋកិច្ច​នេះ​បាន​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ក្លា​ដល់​ការអភិវឌ្ឍន៍​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​
​តាម​ការប៉ាន់ប្រមាណរ​បស់​អ្នក សេដ្ឋកិច្ច ក៏ដូចជា​ស្ថាប័ន​អន្តរជាតិ​ធំៗ​បង្ហាញថា​ភាពប្រាក​ដ ប្រជា នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា អាច​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់​១,៩%​នៅ​ឆ្នាំ​២០២០​នេះ​។​

​ទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ សម្ដេច​ក៏​អះអាង​សារជាថ្មី នូវ​ការប្ដេជ្ញាចិត្ត របស់​រាជរដ្ឋាភិបាល​ក្នុងការ​ថែរក្សា​អោយបាន​នូវ​ភាពម្ចាស់ការ លើ​ការងារ​ជា​អាទិភាព​ចម្បង​ពីរ គឺ​៖
​ទី​១-​ការបន្ត​រក្សា​នូវ​ស្ថេរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍​
​ទី​២-​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឲ្យ​បានល្អ​ប្រសើរ ទប់ស្កាត់​អតិផរណា​និង​ការឡើង​ថ្លៃទំនិញ ក្នុង​ទីផ្សារ​និង​ការបន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ ច្បាស់លាស់ នូវ​ភារកិច្ច​ចំនួន​៥ ដែល​សម្ដេច​បានដាក់​ចេញ​កាលពី​ថ្ងៃទី​១៤​សីហា​ឆ្នាំ​២០២០ កន្លង​ទៅនេះ ដើម្បី​សន្តិភាព សុវត្ថិភាព សុខមាលភាព​ប្រជាជន​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​៕