កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចែកជីកសិកម្ម ជូនដល់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក-ឃុំ និងប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែកម្មវិធី (ASPIRE) ចំនួន៩០គ្រួសារ ដែលមកពីឃុំព្រែកដំបូក និងឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកណ្តាល។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ប្រជាកសិករឲ្យខិតខំបង្កបង្កើនផល បង្កើនបរិមាណដាំដុះដំណាំ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីឲ្យផលដំណាំដាំដុះមានគុណភាព អាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម ដើម្បីធ្វើឲ្យជីវភាពរបស់ប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើប្រជាកសិករត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយក្នុងនោះត្រូវចូលរួមសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ក្នុងការរាយការណ៍ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីឈានទៅដល់ការបង្ក្រាបឲ្យទទួលបានជោគជ័យ ដើម្បីភូមិឃុំគ្មានគ្រឿងញៀន និងសូមបន្តអប់រំណែនាំដល់សមាជិកគ្រួសារ ចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិតរបស់ខ្លួនឯង និងអ្នកដទៃ។
ចំណែកក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ត្រូវបន្តយកចិត្តទុកដាក់ ចូលរួមអនុវត្តនូវវិធានការអនាម័យ និងវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរលកទី២។
នាឱកាសនេះដែរ លោកអភិបាលខេត្ត បានចែកជីចំនួនប្រាំបួនតោន ដល់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែកម្មវិធី ASPIRE ចំនួន៩០គ្រួសារ ក្នុងឃុំគោលដៅ ដោយក្នុងមួយគ្រួសារទទួលបានជីអ៊ុរ៉េមួយបាវ និងជី NPK ផ្កាយប្រាំផងដែរ។
គួរបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន៤ជំហាន ហើយក្នុងនោះខេត្តកំពង់ចាម ចាប់ផ្តើមក្នុងជំហានទី៣ ក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអនុវត្ត អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅស្រុកគោលដៅចំនួនប្រាំបីក្រុង-ស្រុក មាន២៤ឃុំ-សង្កាត់ ក្នុងនោះកម្មវិធីបានបង្កើតបណ្តុំអាជីវកម្មបានចំនួន៤៤បណ្តុំអាជីវកម្ម ស្មើនឹង១.២៦៩គ្រួសារ ក្នុងនោះ មានបណ្តុំអាជីវកម្មស្រូវ ចំនួន ០៤បណ្តុំ, បណ្តុំអាជីវកម្មបន្លែ ចំនួនប្រាំបួនបណ្តុំ, បណ្តុំអាជីវកម្មដំឡូងមី ចំនួនពីរបណ្តុំ, បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួនប្រាំពីរបណ្តុំ, បណ្តុំអាជីវកម្មគោបំប៉ន ចំនួនប្រាំបណ្តុំ និងបណ្តុំអាជីវកម្មគោយកកូន ចំនួនបួនបណ្តុំ៕