ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន បាន​ព្រាង​រួច​ហើយ នឹងត្រូវ​បញ្ជូនទៅរដ្ឋសភា អនុម័ត​ក្នុងពេល​ឆាប់ៗ​នេះ​

ភ្នំពេញ៖ ក្រសួង​ព័ត៌មាន បានប្រកាសថា សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវបាន​ព្រាង​រួចរាល់​ជា​ស្ថាពរ​ហើយ​។ ក្រសួង ជឿជាក់ថា សេចក្តីព្រាងច្បាប់​នេះ នឹង​ត្រូវបាន​បញ្ជូន ទៅសុំ​ការអនុម័ត​ពី​រដ្ឋសភា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ បានចេញ​លិខិត​តប​ឆ្លើយតប​នឹង​បណ្តា​អង្គការ​សង្គម​ស៊ីវិល ចំនួន ១៩​ស្ថាប័ន ដែល​បាន​រួមគ្នា សរសេរ​លិខិត​មក​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ ដោយ​សម្តែង​ពី​ការគាំទ្រ​ក្រសួង​ព័ត៌មាន លើ​ការងារ​ដឹកនាំ ដំណើរការ​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ដាក់បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ ៥​ឆ្នាំ ចាប់ពី​២០១៨ ដល់​ឆ្នាំ​២០២៣​។​

​ក្រសួង​ព័ត៌មាន បញ្ជាក់ថា ក្រសួង​បាន​បញ្ចូល​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ទៅក្នុង គម្រោង​កម្មវិធី​នៃ​តម្រូវការ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ សម្រាប់​រាជ រដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្នុង​រយៈពេល ៥​ឆ្នាំ ពី​២០១៨-២០២៣ រួចរាល់​ហើយ ហើយ​ក្នុងនោះ​ផងដែរ ក៏មាន​សេចក្តីព្រាងច្បាប់​ស្តីពី​សោតទស្សន៍ ការធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ការផ្សាយ ពាណិជ្ជកម្ម​។​

​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា ក្នុងនាម​ក្រសួង​ព័ត៌មាន ក៏ដូចជា រាជរដ្ឋាភិបាល មាន​ឆន្ទៈ​ព​ន្លឿ​ន និង​ជំរុញ​ការងារ​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ជាមួយ​បណ្តា​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​ដទៃទៀត ហើយ​ជឿជាក់ថា សេចក្តីព្រាងច្បាប់​នេះ នឹង​ត្រូវបាន​បញ្ជូនទៅ​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែលមាន ០៩ជំពូក និង ៣៨មាត្រា ត្រូវបាន​តាក់តែងឡើង យូរ​ឆ្នាំ​មកហើយ ដោយមាន​កិច្ចសហការ​រវាង​ក្រសួង​ព័ត៌មាន និង​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម​ក្លិប​សហព័ន្ធ​អ្នកកាសែត ក្រោម​ការសម្របសម្រួល​ពី​អង្គការ​យូណេស្កូ ក្នុង​គោលបំណង​ធានា​ឲ្យ សាធារណជន​គ្រប់រូប ទទួលបាន​នូវ​សិទ្ធិ និង​សេរីភាព​ក្នុង​ការទទួល​ព័ត៌មាន​៕