ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២០.១៨គីឡូក្រាម

បន្ទាយមានជ័យ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)សាខា  ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារចំការគរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ។

មន្ត្រីជំនាញបានធ្វើវិភាគទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់។

មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖

-កំទេចមីខូចគុណភាព ចំនួន ២០.១៨គីឡូក្រាម

-នំស្រួយរូបបង្កងហួសកាលបរិច្ឆេទប្រើប្រាស់ ១២កញ្ចប់ សរុបទំនិញដែលហូតដកបានសរុបចំនួន ២០.១៨គីឡូក្រាម និង ១២កញ្ចប់។

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់៕