ប៉ុន្មានថ្ងៃកន្លងមកនេះមានការជជែកនិងសរសេរបកស្រាយតទៅតមករវាងអតីតអ្នកការទូតដែលចូលនិវត្តន៍និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នរបស់កម្ពុជា និងអតីតអ្នកការទូតមួយរូបរបស់សិង្ហបុរីដែលបានធ្វើអត្ថាធិប្បាយចង់ឲ្យអាស៊ានបណ្តេញកម្ពុជានិងឡាវចេញពីអាស៊ានដោយភ្ជាប់ប្រទេស២នេះទៅនឹងចិន ។
ជាអ្នកសារព័ត៌មានកម្ពុជាមួយរូបដែលបានតាមដានកិច្ចការអាស៊ានរយៈពេលជាង២២ឆ្នាំកន្លងមកនេះ ខ្ញុំតែងកត់សម្គាល់ “នរណាជានរណា = who is who?” នៅក្នុងអាស៊ាន ហើយខ្ញុំក៏ស្វែងយល់ត្រួសៗអំពីអតីមន្រ្តីការទូតសិង្ហបុរីរូបនេះដូចតទៅ ៖
លោក Bilahari Kausikan ត្រូវបានសារព័ត៌មានសិង្ហបុរីខ្លួនឯង (The Straight Times) ឲ្យរហ័សនាមថា “Singapore’s undiplomatic diplomat” មានន័យថា ជាអ្នកការទូតមិនមែនជាអ្នកការទូត ឬសម្រាយថាជាអ្នកការទូតដែលចេះតែនិយាយដូចមែនទែនចឹង គ្មានខ្វល់ពីផលវិបាកនឹងកើតមានឡើយ
នៅខែកក្កដា ឆ្នាំ២០១៧ អ្នកសារព័ត៌មាន The Straight Times បានចោទសួរអំពីកេរ្ត៍ឈ្មោះមិនសូវល្អរបស់គាត់ក្នុងការនិយាយលេងសើចហើយជាន់ឈ្លីគេទៀត ស្រាប់តែគាត់តបដោយសើចថា “ខ្ញុំនិយាយបែបចឹងតែនៅថ្ងៃអង្គារ ព្រហស្សរត៍ និងថ្ងៃសៅរ៍ទេ ចំណែកថ្ងៃចន្ទ ពុធ និងសុក្រ គឺស៊ីសាច់ហុតឈាមហ៎្មង” ។
(When asked about his reputation for chewing people up and spitting them out, he laughed. “Only on Tuesday, Thursday and Saturday,” he said. “On Monday, Wednesday and Friday I merely suck their blood.”)
លោក Bilahari Kausikan ត្រូវបានអ្នកនយោបាយនៅសិង្ហបុរីសំគាល់ថាគាត់តែង ព្យាយាមនិយាយយ៉ាងណាដែលបង្ហាញថាគាត់ជាអ្នកជាតិនិយមមួយរូបរបស់សិង្ហបុរី ។ គាត់ចូលចិត្តបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកលើនយោបាយការបរទេសសិង្ហបុរី ចូលចិត្តប្រធានាធិបតីដូណាល់ត្រាំ ហើយក៏ជាមន្រ្តីការបរទេសសិង្ហបុរីមួយរូបដែលមាត់ដាច សំដីថ្លោស ឫកឆ្នើម និងពើងទ្រូង ។
តាមការអង្កេតរបស់ខ្ញុំលើវិស័យការទូតឬទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងសិង្ហបុរីខ្ញុំចាប់អារម្មណ៍ទៅលើចំណុចចៃដន្យមួយ គឺសំដីរបស់លោក Bilahari Kausikan បានធ្វើឡើងក្រោយពីឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា គឺលោក Michael Tan ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា (២០១៦) បានបីខែ ហើយឥឡូវនេះមុនលោក Michael Tan ត្រូវបញ្ចប់អណត្តិរយៈពេល២ខែខាងមុខនេះ ស្រាប់តែលោក Bilahari Kausikan និយាយដូច្នេះម្ដងទៀត ។
យ៉ាងណាក៏ដោយ ខ្ញុំយល់ថាការអត្ថាធិប្បាយឬការបញ្ចេញទស្សនៈរបស់លោក Bilahari Kausikan ជាទស្សនៈផ្ទាល់ខ្លួនមួយរូប មិនមែនជាជំហររបស់សិង្ហបុរី ហើយក៏មិនមែនជារឿងដែលសិង្ហបុរី ជាប្រទេសស្ថាបនិកមួយរបស់អាស៊ានតាំងពីឆ្នាំ១៩៦៧ គួរធ្វើបែបនេះដែរ ព្រោះវានឹងនាំឲ្យអាស៊ានបែកបាក់និងដួលរលំតែម្តង ។
សរុបសេចក្តីមក ខ្ញុំនៅតែយល់ថា វាជាទស្សនៈរបស់អ្នក academic ដែលបច្ចុប្បន្នគាត់ជាប្រធានវិទ្យាស្ថាន “Middle East Institute at the National University of Singapore” ដែលតែងនិយាយអំពីចំណុចរសើបឬអវិជ្ជមាននានាដើម្បីបង្ហើបនឹងបង្ហាញឲ្យឃើញពីទស្សនៈរបស់ខ្លួននិងការជជែកវែកញែកដេញដោលលើបញ្ហាតំបន់និងអន្តរជាតិក្នុងក្របខណ្ឌការសិក្សានិងការស្វែងយល់តែប៉ុណ្ណោះ។
ហើយការបកស្រាយរបស់ក្រុមអ្នកការទូតកម្ពុជាដូចជាគ្រប់គ្រាន់សម្រាប់លោក Bilahari Kausikan វ័យ៦៦ឆ្នាំ ដើម្បីយកទៅពិចារណាថាគួរលើកបន្តនៅវេទិការក្រោយៗទៀតឬគួរបញ្ឈប់ត្រឹមប៉ុណ្ណឹង ព្រោះឆ្លងតាមការបកស្រាយពីកម្ពុជាបានបង្ហាញថាទស្សនៈរបស់គាត់បានប៉ះពាល់ដល់ប្រទេសដទៃ និងអាចបង្កើតជាអរិយភាពជាមួយគ្នាផងដែរ តែក៏មានមតិមួយលើកឡើងថាគួរកុំប្រតិកម្មខ្លាំងពេក ចៀសវាង “យករថក្រោះទៅកិនមូស” ៕