ប៉ៃលិន៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) សាខា ខេត្តប៉ៃលិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារប៉ាហ៊ី ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនមានដូចជា៖ សាច់ក្រក ហ៊តដក សាច់មាន់ ប្រហិត និងសាច់ប៉ាតេគ្រប់ប្រភេទ។ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– ទឹកក្រូចដកធំ ចំនួន ២៩ដប ស្មើនឹង ៤០.៥គីឡូក្រាម
– នំកញ្ចប់ ចំនួន ២៤កញ្ចប់ ស្មើនឹង ២គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ៤២.៥គីឡូក្រាម។
មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕