ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្ពោធជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy) ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ ការរៀបចំយុទ្ធសាស្ត្រនេះទទួលបានការឧបត្ថម្ភហិរញ្ញប្បទានពីអង្គភាពក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (Enhanced Integrated Framework – EIF)។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្រី បានមានប្រសាសន៍ថា ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៤។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងក្របខ័ណ្ឌរួមមួយ ដោយវិស័យនេះ ជាវិស័យថ្មីទើបនឹងលេចឡើង ។ ប៉ុន្តែជាវិស័យប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើតប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកឡើងថា យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានរៀបចំឡើងក្នុងពេលវេលាដ៏ត្រឹមត្រូវមួយ ស្របពេលដែលកម្ពុជាមានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បម្រើជាមូលដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ការពារផលប្រយោជន៍ និងកសាងទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ក្នុងវិស័យវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ក៏ដូចជាទាក់ទាញវិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។
ក្នុងបរិបទនេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់ជាគំរូអាជីវកម្មថ្មីមួយប្រកបដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដែលសមស្របទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការទីផ្សារក្នុងស្ថានភាពកូវីដ-១៩ និងក្រោយជំងឺកូវីដ-១៩។
ជាក់ស្ដែង កម្ពុជាបានចុះហត្ថលេខា និងអនុម័តយល់ព្រមលើ ១) កិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (ASEAN E-Commerce) ២) កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថាអាសិប (RCEP) ដែលត្រូវបានចុះហត្ថលេខារួចរាល់ហើយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ និង ៣) ជាជំពូកដ៏សំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងអស់មាន១០ជំពូក ដូចជា៖
១) យុទ្ធសាស្ត្រគោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន។
២) ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ។
៣) បទបញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម។
៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍។
៥) ហេដ្ឋារចនាសម្ព័ន្ធជំនាញឌីជីថល។
៦) ប្រព័ន្ធទូទាត់។
៧) ភស្តុភារកម្មពាណិជ្ជកម្មក្នុងស្រុក។
៨) ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
៩) ការទទួលបានហិរញ្ញប្បទាន ។
១០) ពត៌មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ៕