ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជាប់គុក៣០ឆ្នាំ និងពិន័យ៤០លានរៀល ពីបទជួញដូរគ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ ស្ត្រីម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០លានរៀល ក្នុងសំណុំរឿងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។

លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ឈ្មោះ ឈី ស៊ីថន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា សវនាការលើអង្គសេចក្តី កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជនជាប់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន។

គួររំលឹកថា កម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទឈ្មោះឈី ស៊ីថន កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប្រៃសណីយ៍កម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ នៅពេលដែលកំពុងរងចាំទទួល បញ្ញើរគ្រឿងញៀនប្រភេទ អិចស្តាហ្ស៊ីគ្រាប់ (MDMA) ទម្ងន់សរុប៣,៤០០ ក្រាម ដែលបានផ្ញើចេញពីប្រទេសប៊ែលហ្ស៊ិក មកកាន់ប្រទេសកម្ពុជា តាមប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា៕