ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​​បិទ​សន្និបាត​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង

​ព្រៃវែង៖ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែកុម្ភៈ​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៩ របស់​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង​។

​ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍  កោតសរសើរ​ក្រុមការងារ​យុវជន និង​សប្បុរសជន​នានា ដែល​បានរួម​សហការគ្នា​បំពេញ​សកម្មភាព ទទួលបាន​លទ្ធផល​យ៉ាង​ល្អ កាលក្នុងឆ្នាំ​២០១៨​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ​ក្រុមការងារ​យុវជន និង​សមាជិក សមាជិក​ការ​គណបក្ស​​ រួមគ្នា​បន្តទៀត ក្នុងការ​បំពេញការងា​រ​អាទិភាព​តាម​ការដាក់ចេញ​ដោយ​សន្និបាត​លើក​នេះ ហើយ​សម្ដេច​មានការ​ជឿ​ជាក់​ថា សប្បុរសជន​នានា ដែល​ធ្លាប់​សហការ​ផ្ដល់​ការគាំទ្រ​ដល់​ក្រុមការងារ​យុវជន​គណបក្ស នាពេល​កន្លងមក នឹង​បន្ត​ការគាំទ្រ​នេះ​ជា​បន្តទៀត ពិសេស​ពាក់ព័ន្ធ​នឹង​ការចូលរួម​កិច្ច​ការជួយ​សង្គម​។​

​​ក្នុង​អង្គសន្និបាត​មានការ​ចូលរួម​ពី​សមាជិក សមាជិការ ដែលមាន​តួនាទី​ជា​ថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក និង​ឃុំ​សង្កាត់ ។

សម្ដេច​ក្រឡាហោម បាន​ក្រើនរំលឹក​ជាថ្មីទៀត​អំពី​វិធានការ​ដោះស្រាយ​ទំនាស់​នៅតាម​មូលដ្ឋាន ដោយ​បញ្ចៀស​នូវ​ការប្រើ​អំពើហិង្សា​ពី​សំណាក់​កម្លាំង​អាជ្ញាធរ និង​ត្រូវ​ចៀសវាង​ដាច់ខាត​តែម្ដង ការប្រើ​កម្លាំង​កងទ័ព​មក​អនុវត្ត​ដីការ​តុលាការ ឬ​ដោះស្រាយ​បញ្ហា​វិវាទ​ណាមួយ​ ៕