ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែងរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពនៅ​​សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញា​ធរដែនដី នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារថ្មី និងតាមបណ្តាផ្ទះលក់បោះដុំ ស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមី​ហាម​ឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣.៦០គីឡូ​ក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ៧.២គីឡូក្រាមទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុង ស្មើនឹង ២.៤គីឡូក្រាម។
ក្រៅពីនេះ មាន​​ស្ករគ្រាប់ដូង ខូចគុណភាព ចំនួន ២កេស ស្មើនឹង ២៨គីឡូក្រាម នំកញ្ចប់ក្មេង ខូចគុណភាព ចំនួន ២កេស ស្មើនឹង ១៣គីឡូក្រាម ទឹកសៀង ខូចគុណភាព ចំនួន ៦ដប ស្មើនឹង ៣គីឡូក្រាម។
បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕