ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ

ក្រចេះ៖ លោក​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ ដល់អាជ្ញាធរភូមិ ឃុំ មន្ត្រីជលផល ឆ្មាំទន្លេអភិរក្សផ្សោត និងប្រជាការពារ ដែលពាក់ព័ន្ធស្រុកទាំងបីក្នុងខេត្ត ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ​ មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំការពង្រឹងការអភិរក្សសត្វផ្សោតនិងជីវចម្រុះជុលផលទន្លេមេគ្គង ដោយមានការអញ្ជើញចូលរួមពីលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផល និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ​២០២១ នៅប៉ុស្ដិឆ្មាំទន្លេអភិរក្សផ្សោតកាំពី។

គោលការណ៏ទាំងនោះរួមមាន ត្រូវបន្ដកិច្ចសហការឲ្យបានល្អប្រសើរ និងមានប្រសិទ្ធ ភាពខ្ពស់ ជាមួយអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក្នុងការអនុវត្តការងារការពារ និងគ្រប់គ្រងទីជម្រកប្រភេទធនធានជលផល បន្តសហការជិតស្និទ្ធជាមួយ នឹង សហគមន៍មូលដ្ឋាន និងដៃគូផ្សេងទៀតដើម្បីពង្រឹងការអនុវត្តច្បាប់ជលផល និងធ្វើការហាមឃាត់ការប្រើប្រាស់ មងនេសាទខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វផ្សោត ត្រូវបន្ដការតាមដាន និងស្រាវជ្រាវចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ និងដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាន និងជាចំណីសម្រាប់សត្វផ្សោត។

លោក វ៉ា ថន មានប្រសាសន៍ថា យើងរួមគ្នាការពារ និងអភិរក្សសត្វផ្សោតទាំងនេះ ជាកត្តាមួយ ដ៏សំខាន់សម្រាប់ខេត្តក្រចេះក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តបន្ទាប់ពីប្រសាទអង្គរវត្ត និងជាសម្បត្តិដ៏មហាសាលសម្រាប់កម្ពុជានៅសល់ប្រមាណជា៩៥ភាគរយក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ ដែលពិភពលោកត្រូវបាត់បង់សត្វផ្សោតទឹក សាបស្ទើរផុតពូជទៅហើយ។

លោក លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា និងលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផលបានបញ្ជាក់ថា ការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ តែនៅប្រឈមនិងបញ្ហាចំបងៗជាច្រើនរួមមាន ការនេសាទឧបករណ៏មង និងការនេសាទខុសប្បាប់ដ៏ទៃទៀត ដូចជាការប្រើប្រាស់គ្រឿងឆក់ នុយនេសាទដែលមានសារធាតុពុល និងគ្រឿងផ្ទុះសប្បនិមិត្រដែលបង្ករផលប៉ះពាល់ដល់សត្វផ្សោត និងជីវចម្រុះជលផលជារួម ។

លោកបន្ថែមថា ជាក់ស្ដែងចំនួនផ្សោតស្លាប់មានការកើនឡើងជាលំដាប់រួមមាន ក្នុងឆ្នាំ២០១៨ស្លាប់៥ក្បាល​ ( កូនផ្សោត៤ក្បាលនិងផ្សោតពេញវ័យ៤ក្បាល) ឆ្នាំ២០២០ស្លាប់៩ក្បាល(កូនផ្សោត៤ក្បាលនិងផ្សោតពេញវ័យ៥ក្បាល)និងក្នុងខែមករាឆ្នាំ២០២១ស្លាប់២ក្បាល(កូនផ្សោត១ក្បាលនិងផ្សោតពេញវ័យ១ក្បាល)។ ការស្លាប់កើនឡើងជាបន្តបន្ទាប់នេះកំពុងប្រឈមទៅនិងនិរន្តរភាពនៃសត្វផ្សោតនៅក្នុងទន្លេមេគង្គ៕