សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសទិវាចម្រើនជន្មាយុរបស់សម្តេច គម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
សារលិខិតជូនពរនោះ មានខ្លឹមសារថា «ស្ថិតក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ របស់ សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាបឋម ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្ដេចវិបុលសេនាភក្តី និង លោកជំទាវ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំមាតុភូមិកម្ពុជា ឲ្យកាន់តែថ្កុំថ្កើង រុងរឿង សុខដុមរមនាជាភិយ្យោភាព តរៀងទៅ។
ក្នុងវរោកាសប្រកបដោយមហោឡារិកនេះ យើងខ្ញុំ សូមគោរពកោតស្ញប់ស្ញែងជាអនេកប្បការបំផុត ជូនចំពោះ សម្ដេចវិបុលសេនាភក្តី ដែលជាឥស្សរជនដ៏ឆ្នើម ប្រកបដោយឆន្ទៈ មនសិការ បានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ ចិត្ដ បទពិសោធន៍ និងសក្តានុពល ក្នុងការដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ទទួលបាននូវនីតិរដ្ឋយ៉ាងរឹងមាំត្រចះត្រចង់ជារៀងដរាបមក ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ប្រកបដោយទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត កាន់តែមានជីវភាពសម្បូរធូរធារ ថ្កុំថ្កើង រុងរឿង សុខដុមរមនា ក្នុងសុខសន្តិភាព ស្ថិរភាពរឹងមាំ ក្រោមម្លប់ដ៏ត្រជាក់ នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូន សម្ដេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពផ្ញេីជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ៖