ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសាធារណការ  និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។

ពិធីនេះធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Indranee Rajah រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិ សិង្ហបុរី លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Seth Tan នាយកប្រតិបត្តិក្រុមហ៊ុន Infrastructure Asia លោកបណ្ឌិតRobert Yap ប្រធានប្រតិបត្តិក្រុមហ៊ុនYCH Group PTE LTD និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងបានផ្តល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ច ព្រមព្រៀងក្របខណ្ឌនេះ (Framework Agreement – FA) ជាមួយក្រុមហ៊ុនYCH និងក្រុមហ៊ុន IA ដូច ដែលធ្លាប់បានអនុវត្តកន្លងមកសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

លោកទេសរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះដៃគូជាមួយក្រុមហ៊ុនYCHនេះ នឹងជួយពង្រឹងសមត្ថភាពកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់មួយ ដូចមានចែងនៅក្នុងផែនការមេបណ្តោះអាសន្នស្តីពីប្រព័ន្ធតភ្ជាប់បណ្តាញដឹកជញ្ជូន និងភ័ស្តុភារកម្ម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC)នេះនឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព មានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជាពិសេសវានឹងក្លាយជាកម្លាំងចលករប្រកបដោយសក្កា នុពលក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យងើប ស្ទុះឡើង សំដៅសម្រេចបាននូវចក្ខុវិស័យលើការអភិវឌ្ឍកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា មជ្ឍមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នឹងជួយឱ្យកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា លើឆាកអន្តរជាតិផងដែរ៕