សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំពោះការស្លាប់របស់លោក ស្ដើង ជា ដោយសារជំងឺកូវីដ១៩
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុក្ខមរណភាពរបស់លោក ស្ដើង ជា គឺជាការបាត់បង់ស្វាមី លោកឳពុក និងជីតាដ៏ល្អមួយរូប និងជាទីគោរពស្រឡាញ់។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោក ស្ដើង ជា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ដោយសារកម្ពុជាកំពុងតែមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺនេះ ។
ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងជាប្រចាំនូវវិធានការការពារ «៣ការពារ និង ៣កុំ»។ ៣ការពារ៖ គឺត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ៣កុំ៖ កុំបដិសណ្ឋាកិច្ចដោយចាប់ដៃ ឱប ឬកៀកស្មាគ្នា កុំនៅក្នុងបន្ទប់បិទជិត កុំនៅកន្លែងមានមនុស្សច្រើនកុះករ។