ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បានណែនាំឲ្យធ្វើស្ថិតិស្វែងរកស្ត្រីនៅតាមការដ្ឋានសំណង់ ក្រុមហ៊ុននានា កសិដ្ឋានកសិកម្ម ឧស្សាហកម្ម ដើម្បីពួកគេទទួលការឧបត្ថម្ភរាជរដ្ឋាភិបាលប្រមាណ ៧៦ម៉ឺនរៀលចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨នេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃអង្គារ ១៥រោច ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។
សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»៕