(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក ក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ដែលមាន លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្វើជាសហប្រធាននៃក្រុមការងារជំនាញសម្រាប់ភាគីកម្ពុជា តាមប្រព័ន្ធវីដេអូ។
លោករដ្ឋលេខាធិការបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម និងថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរកន្លងមក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្តីពីគម្រោងវិនិយោគអាទិភាព ដូចដែលភាគីទាំងពីរបានប្តេជ្ញានៅក្នុងកិច្ចប្រជុំលើកទី១ កាលពីឆ្នាំ២០១៦ ក្រោមក្របខណ្ឌនៃលក្ខខ័ណ្ឌយោង (Terms of Reference) សម្រាប់ក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៥។
ជាមួយគ្នានេះ លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារជំនាញ ផ្តល់យោបល់យ៉ាងផុសផុល លើគម្រោងវិនិយោគទាំង៥ ដែលបានស្នើឡើងដោយភាគីរុស្ស៊ី រួមមាន៖ (១)គម្រោងផលិតកម្មដំបូល ស៊ីប្រូ និងបំពង់លូ (២) ផលិតកម្មដំឡើងរថយន្តដឹកទំនិញ KAMAZ និងបណ្តាញផ្តល់សេវាកម្ម (៣) ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង (៤) ការផលិតល្បាយអ៊ីសូឡង់ការពារកំដៅបានមកពីអង្កាម ឬចំបើង និង (៥) គម្រោងផ្គត់ផ្គង់ឧបករណ៍បណ្តាញអ៊ីនធឺណិតរហ័ស។
ភាគីកម្ពុជាបានបង្ហាញពីការគាំទ្រចំពោះគម្រោងវិនិយោគអាទិភាពទាំង៥នេះ និងលើកទឹកចិត្តឱ្យវិស័យឯកជនរបស់ភាគីទាំងពីរ ស្វែងយល់បន្ថែមពីសក្តានុពលវិនិយោគនៅក្នុងវិស័យសំខាន់ៗដ៏ទៃទៀត ដែលមានដូចជា អាកាសចរស៊ីវិល កម្មន្តសាល និងទេសចរណ៍ជាដើម ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម ដែលនឹងអាចចូលរួមចំណែកក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសម្រួលវិនិយោគសម្រាប់ធុរជន និងវិនិយោគិនរុស្ស៊ី ដែលមានបំណងមកវិនិយោគនៅកម្ពុជា។
អង្គប្រជុំ បានបង្ហាញសុទិដ្ឋិនិយមចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងវិស័យអាទិភាពនានានៃភាគីទាំងពីរ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធនៃក្រុមការងាររួមជាន់ខ្ពស់នេះ និងយន្តការទ្វេភាគីសំខាន់ៗដ៏ទៃទៀតដែលកំពុងអនុវត្ត ដូចជាកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារទៅវិញទៅមកនៃវិនិយោគ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសម្រួលវិនិយោគរវាងភាគីទាំងពីរ។
លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃភាគីទាំងពីរ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំនាពេលនេះ ដែលបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា៕