ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច ស ខេង អនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាជួបសម្ដែងការគួរសម និងជម្រាបលា ត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្នៃកាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះអនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀត ណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅក្នុងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

សម្ដេចបន្តថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀត ណាម តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ និងបន្តនូវកិច្ចសហប្រតិបត្តិការនេះជាបន្តទៀតទៅអនាគត។

សម្ដេចក៏មានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថាអ្នកបន្តអាណត្តិការងារក្រោយពីលោកឧត្តមសេនីយ៍ត្រី នឹងបន្តនូវអ្វីដែលជាសមិទ្ធផលដែលក្រសួងទាំងពីរមាននាពេលកន្លងមក និងពង្រីកិច្ចសហប្រតិ បត្តិការឱ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះលោក ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងបានជូនពរ លោកដែលជាប្រធានស្ថាប័នដឹកនាំការងារអនុវត្តច្បាប់រួមចំណែកយ៉ាងសកម្ម និងសំខាន់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅប្រទេសវៀតណាម សូមឱ្យទទួលបានជោគជ័យក្នុងភារកិច្ចបំរើសង្គមជាតិ។

ជាការឆ្លើយប លោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ក៏បានជម្រាបជូនសម្ដេចក្រឡាហោម នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ឯក តូ ឡឹម ជូនចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានជម្រាបសម្ដេចទៀតថា លោកពិតជាមានសេចក្ដីរីករាយ និងកិត្តិយសណាស់ដែលបានបំពេញទទួលតួនាទីជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា។

លោកឧត្តមសេនីយ៍ត្រីក៏បានបង្ហាញភាពរីករាក និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរនៅក្នុងអាណ ត្តិការងារ៣ឆ្នាំកន្លងមកនេះ។

លោកបានជម្រាបសម្ដេចក្រឡាហោមដែរថា ក្រោយពីបញ្ចប់អាណត្តិការងារនៅកម្ពុជា លោកនឹងបន្តខិតខំដើរតួនាទីក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យកាន់ធើវៀតណាម ដើម្បីលើកកម្ពស់វិស័យអប់រំប្រទេសទាំងពីរ។

សម្ដេចក្រឡាហោមបានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះលោកឧត្តមសេនីយ៍ត្រី និងអរគុណចំពោះការខិតខំប្រឹងប្រែងផ្សាភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំ គឺរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យកាន់ធើវៀតណាម ដោយសម្ដេចបន្តថាសម្ដេចផ្ទាល់ក៏ជាអ្នកផ្ដួចផ្ដើមកសាងសាកលវិទ្យាល័យធំៗ៣នៅកម្ពុជាដែរ រួមមានសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសាកលវិទ្យាល័យត្បូងឃ្មុំ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាការផ្សាភ្ជាប់ទំនាក់ទំនរវាងគ្រឹះស្ថានអប់រំប្រទេសទាំងពីរ នឹងរួមចំណែកជួយសម្រួលដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យបាន កាន់តែល្អប្រសើរមួយកម្រិតថែមទៀត។