ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាផ្តល់វ៉ាក់សាំង Sinovac ចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាលឡាវ

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២០ម៉ឺ នដូស ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីបង្ការជម្ងឺកូវីដ១៩នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ពីធីប្រគល់-ទទួលវ៉ាក់សាំងនេះបានធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ ដោយមានការចូលរួមដោយ លោក អ៊ុច បូរឹទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

វ៉ាក់សាំងនេះបានប្រគល់ជូន​ លោក បណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃ ស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខា ភិបាល និងជាអនុប្រធានគណ:កម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវ។

ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលឡាវនៅពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា។

ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

កាលពីពេលកន្លងទៅ​ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគបរិក្ខាការពារជំងឺកូវីដ១៩ ជូនប្រទេសមួយចំនួនផងដែរតាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ជាដើម៕