ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះសីហនុ ជំនួសអតីតអភិបាលរងចាស់អស់បុណ្យ ព្រោះរឿងអាស្រូវវិវាទដីធ្លី

ព្រះសីហនុ៖ ប្រកាសចូលកាន់តំណែងជាផ្លូវការអភិបាលរងថ្មីពីររូប សម្រាប់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ជំនួសអតីតអភិបាលរងពីររូប ដែលត្រូវបានដកចេញពីតំណែង ជាប់ពាក់ព័ន្ធរឿងអាស្រូវវិវាទដីធ្លី។

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោក លៀម សុជា ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរពីអភិបាលរងខេត្តឧត្តរមានជ័យ ឲ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ។

ចំណែកលោក ម៉ាង ស៊ីណេត ឋានន្តរសក្តិមន្ត្រីថ្នាក់លេខ១ នៃមន្ត្រីក្របខណ្ឌគ្រប់គ្រងរដ្ឋបាលក្នុងក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ។

ពិធីចូលតំណែងនេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីលោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ។

សូមរំឭកថា អតីតអភិបាលរងខេត្តពីររូប គឺ​លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ត្រូវបាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យបញ្ចប់មុខតំណែង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩​ ដោយសង្ស័យថា អភិបាលរងខេត្តទាំងពីរនេះ មានពាក់ព័ន្ធ​នឹងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ដែលនាំដល់ការប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន​​​​​​ សែន បានប្រាប់ដល់មហាជនអំពីហេតុផលនៃការដកតំណែងលោក ស្រ៊ុន​​​ ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ពីអភិបាលរងខេត្តព្រះសីហនុថា  «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់ក្រួស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»៕