ប្រទេសហ្វីលីពីន បានសម្រេចដកខ្លួនចេញពីសមាជិកភាពនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ International Criminal Court ដែលហៅកាត់ថា ICC កាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ដោយខឹងនឹងតុលាការ ICC បានបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Rodrigo Duterte ពីបទឧក្រិដ្ឋកម្មក្នុងសង្គ្រាមថ្នាំញៀន ។
ការស៊ើបអង្កេតរបស់ ICC ក៏ត្រូវបានធ្វើឡើងក្រោយពីលោក Rodrigo Duterte បានប្រើធម៌ក្តៅក្នុងការបង្ក្រាបលើជនជួញដូរគ្រឿងញៀននៅទូទាំងប្រទេស ចាប់តាំងពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីរបសប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៦ ដែលបណ្តាលឲ្យមនុស្សជាង២០០០០នាក់បានបាត់បង់ជីវិត និងរាប់ម៉ឺននាក់ផ្សេងទៀតជាប់ពន្ធនាគារ ។
ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើលោកប្រធានាធិបតី Rodrigo Duterte ពីបទឧក្រិដ្ឋកម្មក្នុងសង្គ្រាមថ្នាំញៀន លោក Rodrigo Duterte បានឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ឆេះសង្គ្រាមនៅប្រទេសជាច្រើននៅលើពិភពលោក មានប្រទេសស៊ីរីជាដើម ដែលបានសម្លាប់មនុស្សអស់រាប់សែននាក់ ICC មិនមានការស៊ើបអង្កេតទេ បែរជាមកស៊ើបអង្កេតរូបលោកទៅវិញ ៕