ព្រះសីហនុ៖ ប្រកាសចូលកាន់តំណែងជាផ្លូវការអភិបាលរងថ្មីពីររូប សម្រាប់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ជំនួសអតីតអភិបាលរងពីររូប ដែលត្រូវបានដកចេញពីតំណែង ជាប់ពាក់ព័ន្ធរឿងអាស្រូវវិវាទដីធ្លី។
យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោក លៀម សុជា ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរពីអភិបាលរងខេត្តឧត្តរមានជ័យ ឲ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ។
ចំណែកលោក ម៉ាង ស៊ីណេត ឋានន្តរសក្តិមន្ត្រីថ្នាក់លេខ១ នៃមន្ត្រីក្របខណ្ឌគ្រប់គ្រងរដ្ឋបាលក្នុងក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ។
ពិធីចូលតំណែងនេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីលោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ។
សូមរំឭកថា អតីតអភិបាលរងខេត្តពីររូប គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យបញ្ចប់មុខតំណែង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដោយសង្ស័យថា អភិបាលរងខេត្តទាំងពីរនេះ មានពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ដែលនាំដល់ការប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់មហាជនអំពីហេតុផលនៃការដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ពីអភិបាលរងខេត្តព្រះសីហនុថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់ក្រួស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»៕