ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមណសិស្ស និស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជិត១៥០រូប ឡើងការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជ បានបើកឱ្យ សមណនិស្សិត ចំនួន១៤៩ រូប ដំណើរការការពារសារណា បញ្ចប់ថ្នាក់សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ លើឯកទេស នីតិសាស្រ្ត អក្សរសាស្រ្ត និងគ្រប់គ្រងទូទៅ ថ្នាក់បរិញ្ញាបត្រ ក្រោមព្រះរាជវត្តមាន សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ និងលោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា។

ក្នុងពិធីបើកឱ្យដំណើរការ នៃការការពារសារណា ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ លោក នួង ស្តេចភក្តី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បានមានប្រសាសន៍ឱ្យដឹងថា សមណនិស្សិត-និស្សិត ដែលត្រូវការពារនៅពេលនេះ មាន ១៤៩ រូប ក្នុងនោះមកពី ពុទ្ធិកមហាវិទ្យាល័យបាលីសំស្រ្កឹត នឹង ភាសារបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេសចំនួន ៣៤រូប ពុទ្ធិកមហាវិទ្យាល័យ ទស្សនវិជ្ជា សាសនា និងនីតិសាស្រ្ត ឯកទេស នីតិសាស្រ្ត១០៥ រូប និងពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្រ្តអប់រំ និងអក្សរសាស្រ្ត ឯកទេស គ្រប់គ្រងទូទៅចំនួន១០រូប។

លោកបន្តថា ការទទួលបានជោគជ័យ ឈានដល់ការការពាសារណាបានដូចថ្ងៃនេះ ក៏ដោយសារកិច្ចខិតខំប្រឹងប្រែង សិក្សារៀនសូត្រ និង ស្រាវជ្រាវ របស់សមណនិស្សិត-និស្សិតគ្រប់រូប ពិសេសដោយមានការយកព្រះទ័យ និង ចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គ្រប់ស្រទាប់ ក្នុងការជួយសម្រួលដល់កិច្ចការងារ ទាំងបច្ចេកទេស ស្មារតី ផ្លូវច្បាប់ និងសម្ភារៈផ្សេងៗទៀត។

លោកសាកលវិទ្យាធិការរងបញ្ជាក់ថា សាកលវិទ្យាល័យ ព្រះសីហមុនីរាជា បាននិងកំពុងដំណើរការលើ ឯកទេសចំនួន៦ រួមមាន៖ វិទ្យាសាស្រ្តអប់រំ ទស្សនវិជ្ជា និងសាសនា នីតិសាស្រ្ត អក្សរសាស្រ្តអង់គ្លេស គ្រប់គ្រងទូទៅ និងព័ត៌មានវិទ្យា ហើយក៏កំពុងដំណើរការ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៦ទៀត គឺ វិទ្យាសាស្រ្តអប់រំ ទស្សនវិជ្ជា និងសាសនា រដ្ឋបាលសាធារណៈ អក្សរសាស្រ្តអង់គ្លេស គ្រប់គ្រងទូទៅ និង និតិឯកជន។

លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ បង្ហាត់បង្រៀន តាមនិយាមគរុកោសល្យ និង ស្រាវជ្រាវ រៀវរកគ្រប់មធ្យោបាយ ធ្វើឱ្យសមណនិស្សិត-និស្សិតទទួលបានចំណេះ ជំនាញ ដូចពេលនេះ។

លោក រដ្ឋមន្រ្តីបានបញ្ជាក់ថា ការការពារសារណា បញ្ចប់បរិញ្ញាបត្រនេះ ពិតជាមានសារសំខាន់ និងអត្ថន័យបំផុត សម្រាប់សមណនិស្សិត-និស្សិតគ្រប់រូប ដែលបានខិតខំរៀនសូត្រអស់រយៈពេល៤ឆ្នាំ ក្នុងការក្រេបយកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អ ពីការសិក្សា លើគ្រប់មុខវិជ្ជា ឬ ជំនាញពីលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យគ្រប់រូប។ ថ្ងៃនេះត្រូវបញ្ចេញឱ្យអស់សមត្ថភាព ដែលខ្លួនមាន ដើម្បីការពារឱ្យបានល្អ និងទទួលបានពិន្ទល្អពីគណៈមេប្រយោគ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ព្រះសីហមុនីរាជា បានកើតឡើងនៅឆ្នាំ២០០៥ គិតរហូតមកដល់ពេលនេះ មាន សមណនិស្សិត -និស្សិត បានបញ្ចប់ការសិក្សាចំនួន ៣២១៥រូប និងសមណនិស្សិត-និស្សិត កំពុងសិក្សាចំនួន ១៩១៥រូប ហើយក៏មាន សមណនិស្សិត-និស្សិត ត្រៀមប្រលងចូលរៀន ឆ្នាំសិក្សាមូលដ្ឋាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចំនួន ៦៧០រូបផងដែរ៕