ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឈ្មួញជើងខ្លាំងមិនគោរព និងមិនខ្វល់ ចំពោះការបង្គាប់របស់អភិបាលខេត្តព្រះសីហនុ 

 

ព្រះសីហនុ៖ ឃ្លាំងមួយកន្លែងស្ថិត​នៅលើដីបម្រុងរបស់រដ្ឋបាលខេត្ដព្រះសីហនុ ដែលត្រូវបានអភិបាលខេត្តបង្គាប់ឲ្យរុះរើចេញ តាំងពីដើមឆ្នាំ២០២០ នៅពេលនេះត្រូវបានគេរាយការណ៍មកថា ថៅកែពីរនាក់ប្តីប្រពន្ធបានសាងសង់បន្ថែម ខណៈលិខិតជូនដំណឹងនៅបិទជាប់របងនៅឡើយ។

យោងតាមសេចក្តីជូនដំណឹង ឬអ្នកស្រុកល្បីហៅថា ស.ជ.ណ ដែលមានហត្ថលេខារបស់លោក គួច ចំរើន ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លេខ០៤៤/២០ ស.ជ.ណ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា សំណង់នេះ គឺជារបស់បុរសឈ្មោះ គិត ប៊ុន និងភរិយាឈ្មោះ ឡឹក លក្ខិណា ដែលមានអាសយដ្ឋាន ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

គោលបំណងនៃការចេញសេចក្តីជូនដំណឹងនេះ គឺប្រាប់ឲ្យផ្អាកការសាងសង់ និងបង្គាប់ឲ្យរុះរើសំណង់នេះចេញពីទីតាំងដី ដោយលោកអភិបាលខេត្តប្រាប់ថា «ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើសុំឲ្យលោក និងលោកស្រី ត្រូវផ្អាកការសាងសង់ និងត្រូវរុះរើសំណង់ ព្រមទាំងការ្យទាំងឡាយ ដែលបានសាងសង់ និងកំពុងសាងសង់ ចេញពីទីតាំងដីដូចបានបញ្ជាក់ក្នុងកម្មវត្ថុខាងលើ ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ»។

លោក គួច ចំរើន បានព្រមាននៅខាងចុងសេចក្តីជូនដំណឹងថា «ក្នុងករណីលោក លោកស្រី មិនអនុវត្តតាម រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមិនទទួលខុសត្រូវលើការខូចអ្វីឡើយ»។

បើគិតតាមបរិច្ឆេតនៃសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន គឺមានអាយុកាលជាងមួយឆ្នាំហើយ តាំងពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសំណង់នេះមិនត្រូវបានរុះរើ ហើយមានតែសាងសង់ ជួសជុលបន្ថែម។

អ្នកដឹងករណីនេះ បានលើកជាចម្ងល់ថា តើរឿងនេះបណ្តាលមកពីមូលហេតុអ្វី? តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យស.ជ.ណ របស់រដ្ឋបាលខេត្តព្រះសីហនុ មិនអាចបង្ខំម្ចាស់សំណង់នេះឲ្យគោរព និងខ្វល់ខ្វាយ? ។

ពាក់ព័ន្ធនឹងករណីបំពានខាងលើនេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មិនទាន់ឆ្លើយតបនឹងសំណួររបស់ អ្នកសារពត៌មាន នៅឡើយទេ៕