ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិកម្ម​​ ជួប​​ពិភាក្សានិងក្រុមហ៊ុន​​វិនិយោគ ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ​​ដែលបានកំពុង​​​វិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែស្ថិត​​នៅជិតតំ​បន់កោះដែកគោល និងកោះថាស

ភ្នំពេញ៖ លោក​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១១ខែមករានេះ​បានទទួលជួបលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ដែល​បាន​​វិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំ​បន់កោះដែកគោល និងកោះថាស។

ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជាក់ជូន​​លោក​​រដ្ឋមន្ត្រីជ្រាបអំពីវឌ្ឍនភាពនិងស្នើសុំការណែនាំបន្ថែម​​ពាក់ព័ន្ធនឹងផែនការវិនិយោគវារីវប្បកម្មសមុទ្រក្នុងបែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីតំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅជូនដល់ លោក​ រដ្ឋមន្រ្តី និងមន្ត្រីជំនាញនៃរដ្ឋបាលជលផល ដែលបានផ្តល់ឱកាស និងគាំទ្រចំពោះសំណើផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាសដែលដំណាក់កាលទី១នៃផែនការវិនិយោគនោះគឺ​លើផ្ទៃទឹកសមុទ្រចំនួន១ ៩៨៤ហិកតា។

លោកស្រីបន្ថែមថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងនិងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧និងទទួលបានការណែនាំពីរដ្ឋមន្រ្តី និងមន្ត្រីជំនាញកន្លងមក ក្រុមហ៊ុនបានធ្វើការពិនិត្យសិក្សានិងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សាវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គមទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាសជាតំ​បន់​សាក​សម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។

លោករដ្ឋមន្រ្តីក៏ បាន​​ស្វាគមន៍និងគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុន ដែល​​ផែនការវិនិយោគនេះ ដោយ​​លោក​​រដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាសំខាន់សម្រាប់ជួយដល់ការ​អភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

លោក​​រដ្ឋមន្ត្រីក៏បានណែនាំបន្ថែមទៀត ដល់ក្រុមហ៊ុនឲ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គមលើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រនេះមកក្រសួង និងជាពិសេ​សត្រូវធ្វើការស្នើសុំ និងមានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាចចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុនបាន។