ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាបានប្រារព្ធ«ទិវាជាតិកម្ពុជា»នៅក្នុងពិព័រណ៍ពិភពលោក២០២០ឌុយបៃសហភាពអារ៉ាប់រួម ដោយមានប្រទេសនិងអង្គការអន្តរជាតិធំៗប្រមាណជាង៥០បានចូលរួមអបអរសាទរ

(ទីក្រុងឌុយបៃ)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌុយបៃ ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភព​លោក​២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។

ពិធីដ៏មហោឡារឹកនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក​​បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ តំណាងឱ្យប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិធំៗ ជាង ៥០ បន្ថែមទៀត។
ក្នុងពិធីនេះ ក៏មានមវិធីសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ, កម្មវិធីបង្ហាញមុខម្ហូបខ្មែរចំនួន ០២ មុខ គឺអាម៉ុកត្រី និងគុយទាវភ្នំពេញដោយចុងភៅកម្ពុជាមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា, វេទិកាជំរុញការវិនិយោគ និងទេសចរណ៍កម្ពុជា និងការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរជូនពិភពលោកបានស្គាល់។

លោក​​រដ្ឋមន្ត្រីបានជម្រាបជូនអំពីអត្ថន័យសំខាន់នៃការសាងសង់ពន្លាជាតិកម្ពុជាថា “ព្រះរាជាណាចក្រកម្ពុជា គឺជាដែនដីសុវណ្ណភូមិដ៏ចំណាស់មួយនៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាប្រវត្តិសាស្ត្រតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ កម្ពុជាធ្លាប់មានវប្បធម៌ និងអរិយធម៌រុងរឿង ជាយូរលង់ណាស់មកហើយ តាមរយៈភាពល្បីល្បាញនៃប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ជាពិសេសប្រា​សាទអង្គរវត្ត ដែលបានទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរណ៍ពីទូទាំងពិភពលោកឱ្យទៅទស្សនាកម្ពុជា។

កេរមរតកដែលដូនតាខ្មែរ បានបន្សល់ទុកឱ្យ គួបផ្សំជាមួយនឹងសិល្បៈ និងវប្បធម៌ប្រកបដោយភាព​រស់រវើក ព្រមទាំងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទាំងនេះគឺជាចំណុចសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននាំយ​កមកបង្ហាញពិភពលោក ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនាពេលនេះ”។

ក្នុងនាមជាតំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិននានា ដែលចង់ស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងស្វាគមន៍ទេសចរអន្តរជាតិទាំងទ្បាយ ដែលមានបំណងទៅទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ និងធនធា​នធម្មជាតិដ៏សម្បូរបែប ដែលនៅមានឋិតថេរពីបុរាណរហូតមកដល់បច្ចុប្បន្ន។

លោក​​រដ្ឋមន្ត្រីបានបញ្ជាក់ថា ពន្លាជាតិកម្ពុជា បានសាងសង់យ៉ាងល្អប្រណីតតាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្រ្តសំខាន់ៗ ចំនួនបួន គឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ហើយចំណុចសំខាន់ និងធ្វើឱ្យភ្ញៀវអ្នកទស្សនា មានការចាប់អារម្មណ៍ និងកោតសរសើរ គឺកម្ពុជាបាននាំមកនូវរូបសំណាកចម្លងមួយចំនួន ដូចជា ចម្លាក់តោ, ឆ្មាំអង្គរ, ព្រះវិស្ណុ, ព្រះសិវៈ, ព្រះបាទជ័យវរ័្មនទី៧, ព្រហ្មបាយ័ន ជាពិសេស ម៉ាកែត អង្គរវត្ត ធ្វើពីស្ពាន់ មករៀបចំតុបតែងក្នុងពន្លាជាតិជូនភ្ញៀវទស្សនាផងដែរ។

លោករដ្ឋមន្រ្តី​បា​បន្តថា ដោយសារចំណុចពិសេសទាំងនេះ ទើបធ្វើឱ្យពន្លាជាតិកម្ពុជា ត្រូវបានគណៈ​កម្មការជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន ៣០ ក្នុងចំណោម ១៩០ ប្រទេស ដែលបានរៀបចំពន្លាជាតិស្អាតជាងគេ និងមានលក្ខណៈពិសេសស្របតាមប្រធានបទនៃពិព័រណ៍ សម្រាប់បើកទទួលភ្ញៀវសាក​ល្បងមុនពេលពិព័រណ៍ពិភពលោកបើកសម្ពោធជាផ្លូវការមួយថ្ងៃ។

ដោយចាប់តាំងពីពេលបើកដំណើរការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនាចំនួន ១៧៤, ០១៨ នាក់ ក្នុងនោះគ្រាន់តែក្នុងរយៈពេល ១ ថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនារហូតដល់ ជាង ១,០០០ នាក់។

ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ាមានរយៈពេល ០៦ ខែ ហើយបើកចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន ១៨២ថ្ងៃ។ ប្រធានបទនៃពិព័រណ៍នេះគឺ ការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និងនិរន្តភាព។

តាមការរំពឹងទុក បន្ទាប់ពីការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នាពេលនេះ នឹងធ្វើឱ្យពិភពលោកស្គាល់ និង ចាប់អារម្មណ៍លើកម្ពុជាកាន់តែច្រើនឡើងថែមទៀត ហើយកម្ពុជារំពឹងថា តាមរយៈការរៀបចំវេទិការជំរុញការវិនិយោគ និងទេសចរណ៍នាពេលនេះ នឹងទាក់ទាញវិនិយោគគិន និងទេសចរណ៍អន្តរជាតិបានច្រើនថែមទៀតចូលមកកម្ពុជា៕