ភ្នំពេញ ៖ ភ្លើងស្តុបជាច្រើនកន្លែង នៅរាជធានីភ្នំពេញ ត្រូវបានកាត់ផ្តាច់ជាច្រើនថ្ងៃ បន្ទាប់ពីមានបញ្ហាកង្វះអគ្គិសនី។ ការកាត់ផ្តាច់ភ្លើងស្តុបចរាចរណ៍ នៅតាមតំបន់ខ្លះក្នុងរាជធានីភ្នំពេញ ត្រូវបានអគ្គិសនីកម្ពុជា ផ្តាច់ភ្លើងផង ដែរដោយតំបន់ខ្លះ ផ្តាច់ពេលព្រឹក តំបន់ខ្លះផ្តាច់ពេលរសៀល និងយប់ជាដើម។
បច្ចុប្បន្នការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញជារឿងមួយដែលធ្វើឱ្យអាជ្ញាធរឈឺក្បាលទៅហើយ ប៉ុន្តែថែមការផ្តាច់ភ្លើងទៀតនោះ ធ្វើឱ្យមានការកកស្ទះគ្រប់ផ្លូវ។
សូមរំឭកថាឧកញ៉ា ឌួង ឆាយ បាននិយាយតាមការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ដោយសារការកង្វះការរៀបចំផែនការ អញ្ចឹងខ្ញុំចង់សួរទៅខាងអគ្គិសនីជាតិកម្ពុជា រដ្ឋាភិបាលបានប្រកាសមុន ចាប់តាំងចុងឆ្នាំ២០១៨ ដែលប្រទេសកម្ពុជាយើងកំពុងជួបគ្រោះរាំងស្ងួត ដែលអាកាសធាតុអាចឡើងកំដៅចាប់ពី៤០-៤២អង្សា។
លោកឧកញ៉ា ឌួង ឆាយ បានលើកជាសំនួរថា ដឹងថាគ្រោះរាំងស្ងួតនិងមកដល់ ហេតុអ្វីបានយើងមិនរៀបចំមុន អគ្គិសនីកម្ពុជាសដែលជាក្រុមហ៊ុនស្វ័យត ដែលដឹកនាំដោយលោក កែវ រតនៈ?
ប៉ុន្តែនៅពេលប្រជាពលរដ្ឋប្រើប្រាស់ ពេលកុងទ័រលោតលឿន បញ្ហាកុងទ័របុក បញ្ហាដាច់ភ្លើង បញ្ហាប្រជាពលរដ្ឋបង់លុយយឺត កាត់លុយប្រជាពលរដ្ឋវិញលឿនណាស់ អោយតែបង់លុយយឺត តែប៉ុន្មានថ្ងៃ កាត់ភ្លើងចោលភ្លាម បើចងបើកវិញទាល់តែបង់លុយ។
លោកឧកញ៉ាវ័យក្មេង ឌួង ឆាយ បានថាលោកកែវ រតនៈអគ្គនាយកក្រុមហ៊ុនអគ្គិសនីកម្ពុជា EDC បើគ្មានសមត្ថភាពទេគួរលាលែងពីដំណែងទៅ។ មូលហេតុ ត្រូវបានលោកឧកញ៉ា ឌួង ឆាយ លើកឡើងថា ការដាច់ភ្លើងនេះ ដោយសារអគ្គិសនីកម្ពុជា ដឹកនាំដោយលោក កែវ រតនៈ មិនមានការរៀបចំផែនការទុកជាមុន ដោយតែរាជរដ្ឋាភិបាល បានប្រកាសមុនយូរខែហើយ តាំងពីចុងឆ្នាំ២០១៨ ពីគ្រោះរាំងស្ងួត ដែលកម្ពុជា នឹងប៉ះពាល់ ដោយសារឡើងកម្តៅខ្លាំង នៅខែមីនា និងខែមេសានេះ។ លោកឧកញ៉ា ឌួង ឆាយ បានលើកឡើងថាបញ្ហាអគ្គិសនី និងបញ្ហាទឹកស្អាតនេះ ជាបញ្ហាចំបង ដែលប្រពលរដ្ឋខឹងរាជរដ្ឋាភិបាល។
លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា លោកបានពិភាក្សាពីជម្រើស ដាក់នាវារោងចក្រថាមពល របស់ក្រុមហ៊ុនប្រទេសតួរគី ដែលជាវិធានការបន្ទាន់បន្ថែម ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនី សម្រាប់រដូវប្រាំងនៅកម្ពុជា។
លោក កែវ រតនៈ បានឲ្យដឹងទៀតថា ចំពោះគម្រោងដាក់នាវារោងចក្រថាមពលនេះ លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួរគី និងក្រុមហ៊ុននឹងរៀបចំសំណើ ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យក្នុងសប្តាហ៍ក្រោយនេះ។
អគ្គនាយករូបនេះបញ្ជាក់ថា ការខ្វះថាមពលក្នុងរដូវប្រាំងនេះ ដោយសារកត្តាអាកាសធាតុក្តៅ ខុសប្រក្រតី និងកំណើនតម្រូវការថាមពលខ្ពស់ គំហុកក្រោយការបោះឆ្នោត ២០១៨ ៕