ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោថា  ៖ រាជរដ្ឋាភិបាលនឹង ចំណាយលុយ ១៥​លាន​ដុល្លារ ទិញ​រថពាសដែក ឲ្យ​​កងទ័ព​មួក​ខៀវ​កម្ពុជា នៅ​ប្រទេស​ម៉ាលី​

​ភ្នំពេញ​៖ សម្តេចតេជាហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយលុយ ១៥​លាន​ដុល្លារអាមេរិក ដើម្បី​ទិញ​រថពាសដែក ឲ្យ​កងទ័ព​មួក​ខៀវ​កម្ពុជា ​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ាលី​។​

​ សម្តេច​ មានប្រសាសន៍បែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ចំនួន ១,២៤៥​នាក់ នៅ​វិ​ទ្យ​ស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​បន្ទាប់ពី​សោកនាដកម្ម​លើ​កងទ័ព​យើង នៅ​អាហ្វ្រិក​កណ្តាល ខ្ញុំ​បានស្នើ​ឲ្យ​ពង្រឹង​សុវត្ថិភាព ទៅលើ​បញ្ហា​ទាន់​ទិន​ទៅនឹង​សមត្ថភាព​របស់​សេនាធិការ និង​បញ្ជាការ​របស់​អង្គការសហប្រជាជាតិ នៅតាម​កន្លែង​នានា ព្រោះ​ការរៀបចំ​កម្លាំង​ខ្លះ យើង​មើលទៅ គឺថា វា​ចាញ់​ប្រៀប​គេ​តែម្តង​។ នេះ​វា​មិនមែន​មកពី​ទាហាន​របស់​យើង​ទេ គឺ​មកពី​សមត្ថភាព​របស់​សេនាធិការ​របស់​អង្គការសហប្រជាជាតិ​។ អីចឹង​ឥឡូវនេះ បានជា​យើង​មាន​នាយទាហាន​របស់​យើង នៅតាម​ទីកន្លែង​ខ្លះ​»​។​

​សម្តេច​ បាន​បញ្ជាក់ថា «​អាទិត្យ​មុននេះ បាន​ចុះហត្ថលេខា​បញ្ចេញ​ប្រាក់ ១៥ លាន​ដុល្លារ​អាមេរិក ព្រោះ​អង្គការសហប្រជាជាតិ តម្រូវការ​ឲ្យ​បំពាក់​មធ្យោបាយ ដូចជា​រថពាសដែក​ទៅកាន់​ប្រទេស​ម៉ាលី​។ ពីមុន កម្ពុជា​ថា​ស្នើសុំ​ឲ្យ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​ឥឡូវ​អង្គការសហប្រជាជាតិ កំពុង​ជួប​វិបត្តិ​ថវិកា​ទៀត​។ អីចឹង​បន្ទុក​នេះ យើង​មិន​ដក​កងទ័ព​របស់​យើង​ចេញ ដោយ​ខ្វះ​ការទទួលខុសត្រូវ​ទេ ហើយ​យើង​ក៏​មិន​ទុក​ឲ្យ​កងទ័ព​របស់​យើង ដៃទទេ​ដែរ ត្រូវមាន​រថពាសដែក​ការពារ​ខ្លួន​។ អីចឹង បាន​ចុះហត្ថលេខា ដើម្បី​បញ្ចេញ​ថវិកា សម្រាប់​ការទិញ​នូវ​រថពាសដែក បញ្ជូនទៅ​ប្រទេស​ម៉ាលី​។ មិនមែន​គ្រាន់តែ​ដោះស្រាយ​ក្នុងស្រុក​ទេ អាវុធ​យុទ្ធ​ភ័​ណ្ឌ​សម្រាប់​ការពារ​ប្រទេស​។ ឥឡូវនេះ អង្គការសហប្រជាជាតិ មាន​តម្រូវការ ហើយ​យើង​ត្រូវតែ​ចូលរួម​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​គ្រាន់តែ​ចំណុច​មួយ​នេះ អាច​បង្ហាញថា កម្ពុជា​បាន​ចូលរួម​នៅក្នុង​ការរក្សា​សន្តិភាព​របស់​ពិភពលោក ហើយ​ដែល​សមត្ថភាព​របស់​ទា​ហាន​កម្ពុជា មិន​អន់​នោះទេ​។ កន្លងទៅ យើង​ទើប​ទទួល​ទាហាន​វិល​ត្រលប់​មកពី​លី​បង់​។ ចំណុច​នេះ បាន​បង្ហាញថា កម្ពុជា មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​ទេ យើង​ត្រូវមាន​ការរួមចំណែក ហើយ​យើង​ក៏ត្រូវ​ការ​មានការ​ប្រកួតប្រជែង​ទៅលើ​បញ្ហា​សមត្ថភាព ដើម្បី​ដោះស្រាយ​រក​ការងារ​ធ្វើ​»៕​