ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុងថ្ងៃស្អែក​នេះ ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ដឹកនាំ​កម្លាំង​ចុះ​វាស់វែង​ដី​ទំនាស់​រវាង​ពលរដ្ឋ​៥៦​គ្រួសារ​ និង​សមាគម​ចិន​ ស្របពេល​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​រក្សា​ភាព​ដើម​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​

​ភ្នំពេញ​៖​ បញ្ហា​ដីធ្លី​ នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក​ និង​កើត​មាន​ឡើងជា​បន្តបន្ទាប់​តាំងពី​អតីត​ មក​ដល់​បច្ចុប្បន្ន​ ព្រោះតែ​អាជ្ញាធរ​ ដោះស្រាយ​មិន​ប្រកបដោយ​យុត្តិធម៌​ ដែល​ពលរដ្ឋ​មិន​អាច​ទទួលយក​បាន​។​ ជាក់ស្តែង​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ដែល​ទទួល​បាន​ គឺ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ដោយ​បាន​ប្រកាស​ពី​ការ​ចុះបញ្ជី​ដីធ្លី​ ដោយ​ចុះ​វាស់វែង​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៩​ស្អែក​នេះ​ លើ​ដី​ទំហំ​១៨​ហិ​កតា​ ដែល​កំពុង​មាន​ទំនាស់​ រវាង​ប្រជាពលរដ្ឋ​៥៦​គ្រួសារ​ និង​តំណាង​សមាគម​ចិន​ ហើយ​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ​។​

​បើ​យោង​តាម​លិខិត​លេខ​០៧៤​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ លោក​ ហែម​ ដា​រិ​ទ្ធិ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ធ្លាប់​បាន​ជំរាប​ជូន​ប្រធាន​កា​រិ​យា​ល៏​យ​រៀបចំ​ដែនដី​ នគ​រូប​នី​កម្ម​និង​សំណង់​ថា​ ប្រជាពលរដ្ឋ​ទាំង​៥៦​គ្រួសារ​ តាម​រយៈ​តំណាង​របស់​ខ្លួន​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​កាន់កាប់​លើ​ដី​ខាងលើ​នោះ​ដែរ​ តែ​ត្រូវ​បាន​លោក​បដិសេធ​ ដោយ​អះអាង​ថា​ ដើម្បី​រក្សា​ផល​ប្រ​ចោ​ជន៍​ជូន​គូរ​ទំនាស់​ គឺ​សុំ​ឲ្យ​រក្សា​រក្សា​ស្ថានភាព​ដើម​នៃ​ដី​ទំនាស់​ ទំហំ​១៨៣.០០០​ម៉ែត្រការ៉េ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​។​

​តែ​តាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ហែម​ ដា​រិ​ទ្ធិ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចុះ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៩​ បែ​ជា​ប្រកាស​ឲ្យ​សាធារណៈជន​ដឹង​ថា​ យោង​តាម​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ដីធ្លី​ របស់​ឈ្មោះ​ សេង​ ស៊ី​ហេង​ (​គូទំនាស់​ជាមួយ​ពលរដ្ឋ​៥៦​គ្រួសារ​)​ បែរជា​ឲ្យ​ចុះ​វាស់វែង​ដី​ទំនាស់​ ស្ថិត​នៅ​ភូមិ​ព្រៃ​ដូន​អុក​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​ព្រឹក​ទៅ​វិញ​។​

​ជាមួយ​គ្នា​នេះ​ដែរ​តាម​លិខិត​លេខ​១០៩​ ចុះ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ឃួ​ង​ ស្រេង​ ក៏​ប្រកាស​ឲ្យ​ផ្អាក​មិន​ធ្វើ​អ្វី​ទាំងអស់​ពាក់ព័ន្ធ​នឹង​ដី​ទំនាស់​ខាងលើ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជា​បន្ត​សិន​។​ ដូច​គ្នា​នេះ​ដែរ​ បើ​យោង​លើ​លិខិត​របស់​របស់​ខុ​ទ្ធ​ការ​ល័យ​សម្តេច​តេ​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ លេខ​៣០​ចុះ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៨​ ក៏​បាន​ប្រគល់​តួនាទី​ និង​ភារកិច្ច​ដោះស្រាយ​លើ​ដី​ទំនាស់​ខាងលើ​នេះ​ ទៅ​លោក​ ជា​ សុ​ផា​រ៉ា​ ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​ដោះស្រាយ​។​

​សូម​រំឭក​ថា​កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ប្រជាពលរដ្ឋ​ចំនួន​៥៦​គ្រួសារ​ បាន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​តវ៉ា​ និង​ទាមទារ​យក​ដី​ទំហំ​ជាង​១៨​ហិច​តា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ដូន​អុក​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ហើយ​ក៏​បាន​ចោទប្រកាន់​ថា​ សមាគម​ចិន​ ហុកគៀន​ បាន​លួច​ធ្វើ​ឯកសារ​ ដើម្បី​សុំ​សិទ្ធិ​គ្រប់គ្រង​លើ​ដី​របស់​ពួក​គាត់​។​

តាមការបកស្រាយរបស់ប្រជាពលរដ្ឋ​បាន​ឲ្យ​​ថា​ ដី​នោះ​ គឺ​សមាគម​ចិន​ ហុ​ក​ គៀន​ គ្រាន់តែ​សុំ​ជួសជុល​ម៉ុង​ខ្មោច​ចាស់ៗ​ តែ​ប៉ុ​ណ្នោះ​ កាល​ឆ្នាំ​១៩៨៧​ ហើយ​បាន​សន្យា​នឹង​ប្រគល់​ជូន​ប្រជាពលរដ្ឋ​វិញ​នៅ​ពេល​ណា​ដែល​ត្រូវការ​ ឬ​នៅ​ពេល​ដែល​ដែល​គេ​រក​ដី​ថ្មី​ ដើម្បី​ដាក់​ម៉ុង​ទាំងនោះ​ជំនួស​វិញ​។​

​ពលរដ្ឋ​បន្ត​ថា​ ក្នុង​ឆ្នាំ​២០១៥​ ដល់​ពេល​រើ​ម៉ុង​ចេញ​អស់​ ប្រជាពលរដ្ឋ​បានដឹង​ និង​បាន​ទាមទារ​យក​ដី​មក​គ្រប់គ្រង​វិញ​ ស្រាប់តែ​សមាគម​ចិន​នេះ​ មិន​ព្រម​ប្រគល់​ឲ្យ​ មិនតែប៉ុណ្ណោះ​បាន​រំលោភ​យក​ដី​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួនឯង​ទៀត​ ហើយ​ក៏​បាន​នាំ​គ្នា​ទៅ​តវ៉ា​ដល់​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ សាលា​រាជធានី​ភ្នំពេញ​ លោក​ទេស​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ ទៀត​ផង។

ប្រជាពលរដ្ឋបានលើកឡើងថា យុត្តិធម៌សង្គម គឺពឹងលើមន្រ្តីយុត្តិធម៌ ហើយបើមន្រ្តីពិតជាមានយុត្តិធម៌ អាចធ្វើការស្ទង់មតិបាន តើប្រជាជនប៉ុន្មានភាគរយមានជំនឿ និងទំនុកចិត្តលើមន្រ្តីរាជការ? បើមន្រ្តី(បុគ្គល)ពិតជាយុត្តិធម៌ និងមានប្រសិទ្ធភាព បញ្ហាខ្លះនឹងមិនលំបាកដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រីនោះទេ​៕