ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តើ​ជន​បង្ក​មាន​អ្វី​ទាក់ទង​នឹង​លោក​ ផែង​ វណ្ណៈ​?​ បានជា​លោក​ ផែង​ វណ្ណៈ​ ក្លាយទៅជា​ជន​នាំសារ​ឲ្យ​ឃាតក​សម្លាប់​និស្សិត​ឆ្នើម​ទៅ​វិញ​

​បន្ទាប់​ពី​កើតហេតុ​ខាងលើ​នៅ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​ លោក​ពេជ្រ​ ស្រស់​ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​មក​ពី​គណបក្ស​យុវជន​កម្ពុជា​ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា​”​តើ​ជន​បង្ក​មាន​អ្វី​ទាក់ទង​នឹង​លោក​ ផែង​ វណ្ណៈ​?​ បានជា​លោក​ ផែង​ វណ្ណៈ​ ក្លាយទៅជា​ជន​នាំសារ​ឲ្យ​ឃាតក​សម្លាប់​និស្សិត​ឆ្នើម​ទៅ​វិញ​ ចុះ​ហេតុ​អ្វី​មិន​នាំ​ជន​បង្ក​ទៅ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​សព​ជន​រង​គ្រោះ​ បែរជា​ឲ្យ​អ្នក​មិនមែន​ជា​ជន​បង្ក​ទៅ​ជំនួស​ខ្លួន​វិញ​?​ បើ​តាម​ខ្ញុំ​ដឹង​ច​រិ​ក​លោក​ ផែង​ វណ្ណៈ​ គឺ​នឹង​ស្រែក​ជំ​ទាល​រកមុខ​អ្នក​បង្ក​ឲ្យ​ទៅ​ទទួលទោស​ ប៉ុន្តែ​លើក​នេះ​ គឺ​ផ្ទុយ​ស្រលះ​ ដោយសារ​ជន​បង្ក​មាន​ទំនាក់ទំនង​ជាមួយនឹង​ខ្លួន​ បែរជា​លោក​ ផែង​ វណ្ណៈ​ មិន​ស្រែក​ជំ​ទាល​រក​ជន​បង្ក​ទេ​ ថែម​ទាំង​ស្ម័គ្រចិត្ត​ធ្វើ​ជា​ព្រាប​នាំសារ​យក​ថវិកា​ជូន​គ្រួសារ​សព​ជន​រង​គ្រោះ​ថែម​ទៀត​ផង​។​ ខ្ញុំ​ចង់​ប្រាប់​ទៅ​លោក​ ផែង​ វណ្ណៈ​ និង​ក្រុម​អ្នក​បង្ក​ថា​លុយ​មិន​អាច​ទិញ​ជីវិត​មនុស្ស​បាន​ឡើយ​ ហើយ​លោក​ ផែង​ វណ្ណៈ​ គួរ​ឲ្យ​យោបល់​ទៅ​ជន​បង្ក​ឲ្យ​ចេញ​មុខ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ទើប​ជា​ការ​ប្រសើរ​។​ ដូច្នេះ​ករណី​នេះ​ បើ​មិន​ប្រយ័ត្ន​ទេ​គឺ​លោក​ ផែង​ វណ្ណៈ​ ក៏​អាច​មានទោស​ដែរ​ គឺ​ ជាប់​ពី​បទ​ឃុ​ប​ខិត​សមគំនិត​ និង​ពី​បទ​លាក់​បំពួន​ឃាតក​។​

​សូម​បញ្ជាក់​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧​ កែង​នឹង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ មាន​រថយន្ត​ Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ មួយ​គ្រឿង​ បាន​បើក​លឿន​ ហើយ​ទៅ​បុក​នារី​រង​គ្រោះជា​និស្សិត​នៅ​សាលា​«​ផា​រ៉ា​ហ្គ​ន​»​ ខណៈ​នាង​កំពុង​បើក​ម៉ូតូ​ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង​ដូច​សំឡី​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​ ករណី​នេះ​ ត្រូវ​គេ​បាន​ទម្លាយ​តាម​រយៈ​វី​ដេ​អូ​សុវត្ថិភាព​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ដែល​មើលទៅ​កើតឡើង​យ៉ាង​រន្ធត់​ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស​ ខ្លាំងៗ​ និង​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​។​

​នារី​រង​គ្រោះ​មានឈ្មោះ​ ឌុំ​ រី​ដា​ អាយុ​២២​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​កំពង់​ដំរី​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ដែល​ត្រូវ​ឪពុក​ម្តាយ​របស់​នាង​បាន​ប្រាប់​ថា​ ជា​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ ម្នាក់​ខាង​អក្សរសាស្ត្រ​ខ្មែរ​ រហូត​ទទួល​បាន​អាហារូបករណ៍​នៅ​សាលា​ «​ផា​រ៉ា​ហ្គ​ន​»​ តែ​ម្តង​។​ សម្រាប់​អ្នក​បើករថយន្ត​បង្ក​វិញ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ តាម​ចាប់ខ្លួន​ផង​ដែរ​ បើ​ទោះបី​ម្ចាស់​រថយន្ត​មានឈ្មោះ​ យិ​ន​ ង្គិ​ច​ បាន​ចេញ​មុខ​មក​ប្រកាស​ទទួលខុសត្រូវ​ទាំងស្រុង​ ចំពោះ​មុខ​សមត្ថកិច្ច​ និង​គ្រួសារ​ជន​រង​គ្រោះ​ក៏​ដោយ​នោះ​។​

​ដោយឡែក​ រថយន្ត​បង្ក​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា​ (៣៧១)​ សង្កាត់​ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ នា​កណ្តាលរាត្រី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ហើយ​ក៏​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​ទៀត​ និង​តាម​ស្វែងរក​អ្នក​បើក​មក​ទទួលទោស​តាម​ច្បាប់​ ៕