ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទិវិភាគ៖ ការដកទ័ពរបស់រុស្ស៊ីចេញពីព្រំដែនអ៊ុយក្រែនជាសញ្ញាបញ្ជាក់ថា លោកPutinឈ្នះហ្គេមសង្រ្គាមជាមួយលោកខាងលិច

បរទេស៖ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញ ថាលោកស្វាគមន៍ការសន្ទនាផ្នែកសន្តិសុខជាមួយលោកខាងលិចខណៈដែលយោធារបស់លោកបានរាយការណ៍ពីការដកទ័ពរបស់ខ្លួនមួយចំនួនមកវិញនៅជិតប្រទេសអ៊ុយក្រែនជាសញ្ញាដែលអាចបង្ហាញថាវិមានក្រឹមឡាំងបានជ្រើសរើសច្រកការទូតសម្រាប់ពេលនេះទោះបីជាលោកខាងលិចមានការព្រួយបារម្ភចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសជិតខាងរបស់ខ្លួនជិតកើតឡើងក៏ដោយដែលការដកទ័ពនេះអាចជាសញ្ញាមួយបញ្ជាក់ថា លោក Putinឈ្នះហ្គេមសង្រ្គាមជាមួយលោកខាងលិច ។
លោក Putin បាននិយាយថាលោកមិនចង់បានសង្រ្គាមទេហើយនឹងពឹងផ្អែកលើការចរចា ខណៈដែលលោកជំរុញការទាមទាររបស់លោកសម្រាប់លោកខាងលិចដើម្បីបញ្ចប់បំណងរបស់ប្រទេសអ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការអូតង់ ។
ក្នុងពេលជាមួយគ្នានេះ លោកមិនបានប្តេជ្ញាចិត្តក្នុងការដកទ័ពទាំងស្រុងនោះទេ ដោយនិយាយថា សកម្មភាពបន្ទាប់របស់រុស្ស៊ីក្នុងការប្រឈមមុខនឹងអាស្រ័យទៅលើការវិវត្តន៍នៃស្ថានការណ៍ ។
ច្បាស់ណាស់ថាលោកPutinបានឈ្នះហ្គេមសង្រ្គាមជាមួយលោកខាងលិចពិតមែន ដោយសារ តែលោក បានប្រកាសហ្គេមសង្រ្គាមនៅបេឡារុស្ស នៅអ៊ុយក្រែន ធ្វើឲ្យលោកខាងលិចជ្រួលច្របល់មិនថាអូតង់ឬសម្ព័ន្ធមិត្តទេសុទ្ធតែរៀបជើងព្រួលជាស្រេចដើម្បីទប់ទល់ជាមួយរុស្ស៊ី បើសិនជាពួកគេហ៊ានឈ្លានពានអ៊ុយក្រែដែលក្នុងនោះរួមទាំងបញ្ជូនទាហាន យុទ្ធោបករណ៍គ្រប់ប្រភេទមកកាន់អឺរ៉ុបខាងកើតមានទាំងការធ្វើសមយុទ្ធយោធា ដើម្បីជាការប្រឈមតទល់ជាមួយរុស្ស៊ី តែទីបញ្ចប់រុស្ស៊ី ប្រកាសដកទ័ពចេញពីព្រំដែនអ៊ុយក្រែនវិញធ្វើព្រងើយដូចអ្វីដែលពួកគេធ្លាប់និយាយអញ្ចឹងថា ពួកគេគ្មានគម្រោងឈ្លានពានអ៊ុយក្រែននោះទេ។


មិនតែប៉ុណ្ណោះ ប្រមុខការទូតអាមេរិកបានប្រកាសថាសហរដ្ឋអាមេរិកកំពុងបិទស្ថានទូតអាមេរិកនៅក្នុងរដ្ឋធានី Kyiv និងផ្លាស់ប្ដូរទីតាំងបណ្ដោះអាសន្នសម្រាប់បុគ្គលិកការទូតមួយចំនួនតូចដែលនៅសេសសល់ក្នុងប្រទេសនេះទៅកាន់ទីក្រុង Lvivដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន ដោយសារមានក្ដីបារម្ភកាន់តែខ្លាំងពីសកម្មភាពបង្កើនកងទ័ពរបស់រុស្ស៊ី ។ លោក Blinkenបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកបានបញ្ជាឲ្យមានវិធានការទាំងនោះសម្រាប់ហេតុផលមួយនោះគឺសុវត្ថិភាពរបស់បុគ្គលិករបស់យើងហើយយើងបានជំរុញយ៉ាងដាច់ណាត់ឲ្យពលរដ្ឋអាមេរិកដែលនៅសេសសល់ក្នុងប្រទេសអ៊ុយក្រែនចាកចេញពីប្រទេសនេះភ្លាម។

ចំណាត់ការទាំងនេះកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជាឲ្យបុគ្គលិករដ្ឋាភិបាលអាមេរិកភាគច្រើនចាកចេញពីប្រទេសនេះនិងបានប្រកាសថាការផ្ដល់សេវាកម្មកុងស៊ុលនៅស្ថានទូតអាមេរិកនឹងត្រូវផ្អាកគិតត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍មុនស្របពេលមានក្ដីបារម្ភពីការចូលឈ្លានពានអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ីខណៈពេលដែលក្រុមមន្ត្រីអាមេរិកបានបញ្ជាក់ថាពួកគេនៅតែប្ដេជ្ញាព្យាយាមស្វែងរកលទ្ធផលខាងការទូត ។
ត្រង់ចំណុចនេះ ក៏ពាចបញ្ជាក់យ៉ាងច្បាស់ថា លោក Putinឈ្នះហ្គេមសង្រ្គាមជាមួយលោកខាងលិច ពិសេសគឺអាមេរិក ធ្វើឲ្យអាមេរិកស្លន់ស្លោ សូម្បីតែពលរដ្ឋរបស់ខ្លួនរស់នៅអ៊ុយក្រែន ក៏បញ្ជាឲ្យចាក់ចេញពីទីនោះដែរ ។

ខណៈវិធានការដកកងទ័ពបានធ្វើឱ្យទីផ្សារពិភពលោកមានភាពធូរស្រាល ក្នុងពេលមានភាពតានតឹងក៏ដោយ ទីក្រុង Washington និងសម្ព័ន្ធមិត្តនៅអឺរ៉ុបនៅតែប្រុងប្រយ័ត្ន ដោយនិយាយថាពួកគេចង់ឃើញភស្តុតាងនៃការដកថយរបស់កងទ័ពរុស្ស៊ី ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់ថា កងទ័ពត្រូវបានដកចេញពីគោលដៅមួយណា ឬចំនួនប៉ុន្មាន ត្រូវចាកចេញនោះទេ ។
អ៊ុយក្រែន បានបង្ហាញការមន្ទិលសង្ស័យចំពោះសេចក្តីថ្លែងការណ៍របស់ប្រទេសរុស្ស៊ីស្តីពីការដកកងទ័ព។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kulebaបាននិយាយថា យើងនឹងមិនជឿនៅពេលដែលយើងគ្រាន់តែស្តាប់ប៉ុន្តែយើងនឹងជឿនៅពេលយើងឃើញការដកកងទ័ពចេញពិតមែន ។
ខណៈពេលនោះដែរសហរដ្ឋអាមេរិកនិងអូតង់បានព្រមានថាកងកម្លាំងរុស្ស៊ីជាង១៣០.០០០ នាក់ត្រូវបានដាក់ពង្រាយនៅជិតប្រទេសអ៊ុយក្រែនអាចឈ្លានពានបានគ្រប់ពេលវេលា ដូច្នេះហើយពួកគេបានបញ្ជូនកងទ័ពនិងយុទ្ធោបករណ៏ទៅគាំទ្រសមាជិកណាតូនៅអឺរ៉ុបខាងកើត ។
ដោយឡែកលោកប្រធានាធិបតីអាមេរិកJoe Bidenបានថ្លែងនៅឯសេតវិមានអំពីស្ថានភាពក្នុងប្រទេសអ៊ុយក្រែនថាការវាយប្រហារពីសំណាក់រុស្ស៊ីលើប្រទេសអ៊ុយក្រែននៅតែអាចទៅរួច ដោយលោកបានលើកឡើងថាការអះអាងរបស់រុស្ស៊ីដែលថាខ្លួនកំពុងដកកងទ័ពមួយចំនួនចេញពីព្រំដែនអ៊ុយក្រែន នៅតែត្រូវការផ្ទៀងផ្ទាត់ជាចាំបាច់ ។

ការអះអាងរបស់លោក Bidenអាចបញ្ជាក់បានថាអាមេរិកមិនទាន់ជឿជាក់លើការលើកឡើងរបស់រុស្ស៊ីថាពួកគេកំពុងដកទ័ពនោះទេហើយអាមេរិកនឹងត្រៀមខ្លួនដើម្បីប្រឈមជាមួយរុស្ស៊ី បើសិនជាពួកគេហ៊ានឈ្លានពានអ៊ុយក្រែនថ្វីត្បិតអ្នកវិភាគមួយចំនួនបានមើលឃើញច្បាស់ថា រុស្ស៊ីគ្មានហេតុផលអ្វីទីឈ្លានពានអ៊ុយក្រែនធ្វើឲ្យផ្ទុះសង្រ្គាមជាមួយលោកខាងលិច និងអូតង់ក៏ដោយ ។
លោកBiden និយាយថា សហរដ្ឋអាមេរិកចង់បន្តច្រកការទូតគ្រប់ឱកាសទាំងអស់ ដើម្បីទប់ស្កាត់ការឈ្លានពានពីរុស្ស៊ី ។លោកថាអាមេរិកនៅតែចង់បានការដោះស្រាយតាមការទូត ហើយទោះបីជាក្រុងWashingtonមិនបញ្ជូនកងទ័ពអាមេរិកចូលទៅអ៊ុយក្រែនដែលមិនមែនជាសមាជិករបស់អង្គការអូតង់ក៏ដោយក៏ខ្លួនបានផ្ដល់អាវុធទៅឲ្យប្រទេសមួយនេះរួចទៅហើយ និងបញ្ចូនទាហានដើម្បីការពារសម្ព័ន្ធអូតង់។

ត្រង់ចំណុចនេះ រឹតតែអាចបញ្ជាក់យ៉ាងច្បាស់ថាលោកPutinឈ្នះហ្គេមសង្រ្គាមជាមួយលោកខាងលិចពិតមែនព្រោះរុស្ស៊ីបាននិយាយរួចហើយថាខ្លួនមានសិទ្ធិបញ្ជូនទាហានទៅកាន់ទីតាំងគ្រប់កន្លែងឲ្យតែស្ថិតនៅក្នុងដែនដីរបស់ខ្លួនតែលោកខាងលិចបែរជាមិនជឿជាក់រុស្ស៊ី គិតថារុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនហើយចុងបញ្ចប់លោកខាងលិច ពិសេសគឺអាមេរិក នៅតែចង់រកច្រកចេញដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែនតាមវិស័យការទូតដដែល ៕