ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប.ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២២នេះ​​ ដើម្បីសាកសួរសុខទុក្ខមន្រ្តីក្រោមឱវាទនិងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ។
លោក​​រដ្ឋមន្ត្រីបានលើកឡើងថា បរិយាកាសធុរកិច្ចនៅកម្ពុជាកំពុងមានភាពល្អប្រសើឡើងពីមួយទៅមួយថ្ងៃ តាមរយៈការប្រឹងប្រែងក៏សាងបទដ្ឋានគតិយុត្តដើម្បីគាំពារ ដែលច្បាប់ទាំងនោះបានចូលជាធរមានរួចហើយ និងខ្លះទៀតកំពុងរៀបចំដាក់ជូនស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែម និងអនុម័ត។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមបន្ទាត់ព្រំដែន ព្រមទាំងកំពុងបន្តស្វែងរកទីផ្សារជូនប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងតំបន់ ជាហូរហែ។
កត្តាទាំងនេះ ទាមទារឱ្យមន្ត្រីរាជការទាំងអស់យកចិត្តទុកដាក់ក្នុងការបំពេញការងារ ពង្រឹងគុណភាពការងារនិងអភិវឌ្ឍន៍ចំណេះដឹងបន្ថែមជាប្រចាំ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងទំនុកចិត្ត។
លោក​​រដ្ឋមន្ត្រីបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប.ទាំងអស់ត្រូវបន្តខិតខំពង្រឹងចំណេះដឹងខ្លួនបន្ថែមទៀតទាំងជំនាញបច្ចេកទេសនិងភាសាបរទេស តាមរយៈការសិក្សាស្រាវជ្រាវ រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព។
ម្យ៉ាងវិញទៀតថ្នាក់គ្រប់គ្រងត្រូវចេះប្រើប្រាស់មន្រ្តីរបស់ខ្លួនឱ្យអស់លទ្ធភាពនិងត្រូវចេះបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញបច្ចេកទេសដែលពួកគេមាន។
លោក​​រដ្ឋមន្ត្រីបន្ថែមថា មន្រ្តីទាំងអស់ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្មក្នុងការដាក់ចេញនូវ​គោលនយោបាយពាណិជ្ជកម្មសំដៅជួយសម្រួលដល់ការនាំចេញនិងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាននិងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈនិងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែនដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
លើសពីនេះត្រូវជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ រួមមាន៖ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ តាមរយៈការបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុនផ្ដល់កម្ចី និង​​កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។
លោក​​រដ្ឋមន្ត្រីសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញនិងសេវាផេ្សងៗដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បន្ថែមពីនេះ លោក​​រដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្រ្តីក្រោមឱវាទ ចូលួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នាដោយត្រូវចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសនិងបន្ថែមការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចេះរក្សាគម្លាតសង្គម ព្រមទាំងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។