បរទេស៖ជនភៀសខ្លួនបានជួបជុំគ្នានៅស្ថានីយ៍រថភ្លើង Zahonyក្នុងប្រទេសហុងគ្រីជិតព្រំដែនអ៊ុយក្រែននាថ្ងៃព្រហស្បតិ៍នេះស្របពេលដែលសង្រ្គាមអូសបន្លាយពេល ១សប្តាហ៍មកហើយ ក្រោយការឈ្លានពានរបស់រុស្ស៊ី ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន APក្រោយធ្វើដំណើររយៈពេល ២៤ម៉ោង លោក អាដាម និយាយថា លោកធូរចិត្តច្រើន និងរំភើងសប្បាយរីករាល ដោយសារតែលោកដឹងថា លោកនឹងមានសុវត្ថិភាពនៅទីនេះ ។
គួរឲ្យដឹងថាភាគច្រើននៃជនភៀសខ្លួនបានរត់ភៀសខ្លួនចូលទៅកាន់ប្រទេសប៉ូឡូញទៅភាគខាងលិចប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសហុងគ្រីម៉ុលដូវ៉ា រ៉ូម៉ានីនិងស្លូវ៉ាគី។
វីដេអូដែលថតបានឃើញប្រជាពលរដ្ឋជាច្រើនស្ថិតនៅកន្លែងរងចំានៅស្ថានីយ៍រថភ្លើងទីក្រុង Kharkivកំពុងតម្រង់ជួរឡើងជិះរថភ្លើងទៅកាន់ទីក្រុងUzhgorodនៅភាគខាងលិចប្រទេសអ៊ុយក្រែនដោយមានកូនតូចនិងសត្វចិញ្ចឹម ខណៈពួកគេភៀសខ្លួនចេញពីការវាយប្រហារទៅលើទីក្រុងមួយនេះ ។
ស្របពេលនោះដែរទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR)បាននិយាយថា ប្រជាពលរដ្ឋអ៊ុយក្រែន១លាននាក់បានរត់ភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីរយៈពេលមិនដល់១សប្តាហ៍មុនដែលជាលំហូរជនភៀសខ្លួនលឿនបំផុតមិនធ្លាប់ដែលមានក្នុងសតវត្សរ៍នេះ ។
ទិន្នន័យពី UNHCRនេះដែរស្មើនឹងជាង ២ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបរបស់អ៊ុយក្រែន ។ ធនាគារពិភពលោក បានអះអាងថា គិតត្រឹមចុងឆ្នាំ ២០២០ អ៊ុយក្រែនមានប្រជាពលរដ្ឋជាង ៤៤លាននាក់ ។
UNHCRបានព្យាករណ៍ថាពលរដ្ឋរហូតដល់ ៤លាននាក់អាចនឹងចាកចេញពីអ៊ុយក្រែនប៉ុន្តែពួកគេព្រមានថាការព្យាករណ៍នេះអាចនឹងកែឡើងវិញម្តងទៀត ។
លោកជុងអាហ្គេឌីនី វីលៀមអ្នកនាំពាក្យUNHCRបានសរសេរនៅក្នុងអ៊ី-ម៉ែលថា ទិន្នន័យរបស់ពួកគេ បង្ហាញថា ជនភៀសខ្លួនបានឆ្លងផុតគំនូស ១លាននាក់ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃពុធ នៅអឺរ៉ុបកណ្តាល ដោយផ្អែកលើចំនួនប្រមូលបានពីក្រុមអាជ្ញាធរជាតិ ។
ដោយឡែកលោក ហ្វីលីបប៉ូ ហ្គ្រែនឌី ឧត្តមស្នងការជនភៀសខ្លួនUNបាននិយាយថា លោកបានធ្វើការជាមួយក្រុមគ្រាអាសន្នជនភៀសខ្លួនអស់រយៈពេលជិត៤០ឆ្នាំមកហើយ ហើយលោកមិនធ្លាប់មើលឃើញលំហូរ ជនភៀសខ្លួនលឿនបែបនេះទេ ។
លោក ហ្គែនឌី និយាយថា គ្មានអ្វីអាចជំនួសបាន ក្រៅពីតម្រូវការឲ្យកាំភ្លើងស្ងប់ស្ងាត់ និងងាកមករកតុចរចា និងការទូតដើម្បីសម្រេចបានជោគជ័យនោះទេ ។ សន្តិភាព គឺជាច្រកតែមួយគត់ ដែលអាចបញ្ឈប់សោកនាដកម្មមួយនេះបាន ។
យោងតាមតួលេខពី UNHCR បានឲ្យដឹងថា ស៊ីរីជាកន្លែងដែលសង្រ្គាមស៊ីវិលផ្ទុះឡើងក្នុងឆ្នាំ ២០១១ នៅតែជាប្រទេសដែលមានលំហូរចេញជនភៀសខ្លួនច្រើនបំផុត ជាង ៥.៦លាននាក់ ប៉ុន្តែសូម្បីតែក្នុងអត្រាលឿនបំផុតនៃជនភៀសខ្លួនចេញពីស៊ីរីនៅដើមឆ្នាំ ២០១៣ វាចំណាយពេលយ៉ាងហោច ៣ខែសម្រាប់ជនភៀសខ្លួន ១លាននាក់ ចាកចេញពីប្រទេស៕