ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះថា កូរ៉េខាងត្បូងបានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្ររួចហើយ។
សម្តេចតេជោបានបង្ហាញក្តីរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ដែលទើបជាប់ឆ្នោតថ្មី នឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ស្ពានតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ នេះបានសម្រេចសាងស្ពាន២កន្លែង ដោយទី១យកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងស្ពាន១ទៀតចេញជ្រោយចង្វា ទៅតំបន់អរិយក្សត្រតែម្តង។
សម្តេចតេជោ ហ៊ុន សែនបានអបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ២១នាថ្ងៃនេះ។សម្តេចតេជោបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវជាតិលេខ២១នេះចាប់ពីពេលនេះតទៅ៕