អ៊ុយក្រែន៖យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រនេះថា ទាហានរុស្ស៊ី បានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេលើការកាន់កាប់ទីតាំងនៅទីក្រុង Kharkiv និងបានផ្លោងគ្រាប់កាំភ្លើងធំធ្ងន់ៗ មកលើតំបន់ Donetsk និងតំបន់ Tauride ដើម្បីរារាំងការប្រមូលកម្លាំងឡើងវិញរបស់ទាហានអ៊ុយក្រែន ។
លោក Oleksandr Shtupun គឺជាអ្នកនាំពាក្យនាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា យោធារុស្ស៊ី រឹតត្បឹតការបំលាស់ទីរបស់អ្នកស្រុកផងដែរ នៅតំបន់កាន់កាប់ ហើយរឹបអូសផលប្រមូលបានរបស់ពួកគេ ។
លោក Shtupun បន្តទៀតថា ស្រូវសាលីជាង ៦០តោន ត្រូវបានលួចចេញពីសហគមន៍កសិកម្មនៅក្រុង Kamenka-Dneprovskaya ។
លោកនិយាយថា កងកម្លាំងរុស្ស៊ី បានបន្តបិទកងកម្លាំងអ៊ុយក្រែន នៅទីក្រុង Mariupol ជិតរោងចក្រដែកថែប Azovstal ផងដែរ ។
លោក Shtupunបន្ថែមទៀតថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារចំគោលដៅអាកាសចំនួន ១៥ រួមទាំងយន្តហោះ១គ្រឿង និងមីស៊ីលបាញ់នាវា ៥គ្រឿង ។
ដោយឡែក អភិបាលក្រុងរងការឡោមព័ទ្ធ Mariupol លោក Vadym Boichenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងរបស់លោក នឹងមិនផ្តល់ឲ្យរុស្ស៊ីនោះទេ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពល ។
ថ្លែងប្រាប់ទូរទស្សន៍អង់គ្លេស Sky News ពីទីក្រុង Dnipro លោក Boichenko បាននិយាយផងដែរថា លោកជឿជាក់ថា មិនយូរមិនឆាប់នោះទេ កងកម្លាំងអង្គការណាតូ នឹងចួលរួមធ្វើសង្រ្គាមជាមួយកងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន ។
លោកនិយាយថា បើសិនជាសម្ព័ន្ធមិត្តរបស់ពួកយើងចូលរួមសង្រ្គាមមួយនេះ មិនយូរទេពួកយើងនឹងបញ្ឈប់សង្រ្គាមមួយនេះ ហើយលោកបានអំពាវនាវសុំជំនួយពីអង្គការណាតូ ដើម្បីធ្វើសង្រ្គាមប្រឆាំងការវាយលុករបស់រុស្ស៊ី ។
លោកបានបន្ទរផងដែរសំណើដដែលៗរបស់ក្រុមមេដឹកនាំអ៊ុយក្រែន ដល់សម្ព័ន្ធមិត្តអន្តរជាតិឲ្យគាំទ្រអាវុធដល់កងកម្លាំងអ៊ុយក្រែន ។
លោកនិយាយថា ពួកយើងមានទាហានក្លាហាន និងខ្លាំងក្លាយ៉ាងច្រើនដែលអាច និងចង់ការពាររដ្ឋរបស់ពួកយើង នោះហើយអ្វីដែលពួកគេត្រូវការគឺជាអាវុធ ដើម្បីឲ្យអ៊ុយក្រែនអាចត្រូវបានគេផ្តល់ឱកាសនៅថ្ងៃនេះ ។
សេចក្តីអត្ថាធិប្បាយរបស់អភិបាលក្រុងរូបនេះ បានធ្វើឡើង ស្របពេលដែលរុស្ស៊ីវាយប្រហារមកលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ដែលរួមទាំងការទម្លាក់គ្រាប់បែកនៅក្នុងទីក្រុងគីវ ខណៈដែលប្រមុខអង្គការសហប្រជាជាតិ(UN)កំពុងបំពេញទស្សនកិច្ច ដែលជាការវាយប្រហារដ៏គគ្លើនបំផុតមកលើទីក្រុងមួយនេះ ចាប់តាំងពីកងកម្លាំងរុស្ស៊ី ដកថយកាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន ៕