អ៊ុយក្រែន៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បានបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងគីវ និងបានអំពាវនាវម្តងហើយម្តងទៀតឲ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
លោក Tedros បាននិយាយថា WHOឈរខាងពលរដ្ឋអ៊ុយក្រែន និងសន្យាគាំទ្ររដ្ឋាភិបាលដើម្បីព្យាបាលអ្នករបួសនៅក្នុងសង្រ្គាម ហើយរក្សាបន្តផ្តល់សេវាកម្មសុខភាពដល់ប្រទេសមួយនេះ ។
លោកបានធ្វើការសង្កត់ធ្ងន់ទៀតថា WHOនឹងជួយអ៊ុយក្រែន ជួសជុល និងពង្រឹងប្រព័ន្ធសុខភាព ប៉ុន្តែលោកនិយាយថា មាននូវថ្នាំពេទ្យមួយដែលលោកមិនអាចជួយបាន ។
លោកនិយាយថា ថ្នាំពេទ្យមួយដែល WHOមិនអាចផ្តល់បាន ហើយអ៊ុយក្រែនត្រូវការជាងអ្នកណាទាំងអស់ គឺសន្តិភាព ។
ពួកយើងនឹងបន្តអំពាវនាវដល់សហព័ន្ធរុស្ស៊ី ឲ្យបញ្ឈប់សង្រ្គាម ។អំឡុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានីប្រទេសអ៊ុយក្រែន លោក Tedros បាននិយាយថា WHOបានពិនិត្យមើលការវាយប្រហារ ២០០លើកមកលើទីតាំងសុខភាពនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពី សង្រ្គាមផ្ទុះឡើង ។
លោកបញ្ជាក់ថា ការវាយប្រហារទាំងនេះ ត្រូវតែបញ្ឈប់ ។ ការថែទាំសុខភាព មិនមែនជាគោលដៅវាយប្រហារនោះទេ ។
ជាការឆ្លើយតបនឹងសំនួរសួរថាតើ WHOមានពិចារណាយថា ការវាយប្រហារមកលើទីតាំងសុខភាព គឺជាឧក្រិដ្ឋកម្មសង្រ្គាមដែរឬទេ លោក Michael Ryan គឺជាប្រធានប្រតិបត្តិកម្មវិធីគ្រាអាសន្នសុខភាព របស់ WHO បាននិយាយថា រាល់ការវាយប្រហារដោយចេតនាមកលើគោលដៅអ្វីក៏ដោយ គឺសុទ្ធតែមិនអាចទទួលយកបានទាំងអស់ ។
លោកនិយាយថា វាច្បាស់ណាសថា ច្បាប់អន្តរជាតិ គឺមិនត្រឹមតែទទួលខុសត្រូវលើភាគីជម្លោះមិនវាយប្រហារមកលើទីតាំងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែភាគីមិនវាយប្រហារដោយចេតនាមកលើពួកគេផងដែរ ។
លោកបន្តថា WHOនឹងចងក្រងឯកសារការវាយប្រហារមកលើទីតាំងសុខភាពនៅអ៊ុយក្រែន ហើយលោកទុកចិត្តលើ UN និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ថានឹងបើកការស៊ើបអង្កេតដ៏ចាំបាច់លើករណីទាំងអស់នេះ ដើម្បីវាយតម្លៃលើចេតនាឧក្រិដ្ឋកម្ម ៕