ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនប្រេង Aramco មើលឃើញប្រាក់ចំណេញហក់ឡើងខ្ពស់ ខណៈដែលប្រេងឡើងថ្លៃនៅជុំវិញពិភពលោក

បរទេស:ក្រុមហ៊ុនប្រេងខ្នាតយក្សAramco របស់អារ៉ាប៊ីសាអូឌីត បានបង្ហោះតារាងប្រាក់ចំណូលខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៩ ខណៈដែលតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ នៅជុំវិញពិភពលោក ។
ក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋមួយនេះ បានមើលឃើញប្រាក់ចំណេញហក់ឡើងខ្ពស់ចំនួន ៨២ភាគរយ ជាមួយនឹងប្រាក់ចំណូល ៣៩.៥ពាន់លានដុល្លារ នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២នេះ ។
នៅក្នុងការចេញផ្សាយព័ត៌មាន ក្រុមហ៊ុន Aramco និយាយថា ប្រាក់ចំណេញ និងប្រាក់ចំណូលហក់ឡើងខ្ពស់បែបនេះ គឺដោយសារតែតម្លៃប្រេងកើនឡើងខ្ពស់ ក៏ដូចជាកំណើនការផលិត ។

ការវាយលុករបស់រុស្ស៊ីកមកលើអ៊ុយក្រែន បានធ្វើឲ្យតម្លៃប្រេង និងឧស្ម័នឡើងថ្លៃខ្ពស់កប់ពពក ។
រុស្ស៊ី ស្ថិតនៅក្នុងចំណោមប្រទេសនាំចេញប្រេង និងឧស្ម័នធំបំផុតរបស់ពិភពលោក ប៉ុន្តែបណ្តាប្រទេសលោកខាងលិច បានសន្យាថា នឹងកាត់ផ្តាច់ការពឹងផ្អែករបស់ពួកគេលើថាមពលប្រទេសមួយនេះ ។
តម្លៃប្រេង បានហក់ឡើងខ្ពស់រួចទៅហើយមុនពេលសង្រ្គាមអ៊ុយក្រែន ស្របពេលដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 និងតម្រូវការលើសការផ្គត់ផ្គង់ ។
ក្រុមហ៊ុនថាមពលផ្សេងទៀត រួមទាំងក្រុមហ៊ុន Shell, BP និងក្រុមហ៊ុន Total បានរាយការណ៍ពីការហក់ឡើងខ្ពស់ប្រាក់ចំណេញដូចគ្នា ទោះបីជាក្រុមហ៊ុនមួយចំនួន ខាតបង់ដោយការបញ្ឈប់ប្រតិបត្តិការរបស់ពួកគេនៅប្រទេសរុស្ស៊ី ក៏ដោយ ។
លោក Amin Nasser គឺជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Aramco បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនរបស់លោកផ្តោតសំខាន់លើការជួយឈានដល់តម្រូវការពិភពលោកសម្រាប់ថាមពលដែលអាចទុកចិត្តបាន តម្លៃសមរម្យ និងកាន់តែមាននិរន្តរភាព ។
លោកបន្តថា សន្តិសុខថាមពលគឺសំខាន់ចាំបាច់ខ្លាំងណាស់ ហើយពួកយើងនឹងវិនិយោគទុនរយៈពេលយូរ។
កាលពីខែមីនាកន្លងទៅក្រុមហ៊ុនផលិតប្រេង និងឧស្ម័នមួយនេះ បានសន្យាបង្កើនការវិនិយោគទុនរបស់ពួកគេ និងបង្កើនទិន្នផលឲ្យបានច្រើនក្នុងកំឡុងពេលពី ៥ឆ្នាំដល់ ៨ឆ្នាំ ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បានបំពេញទស្សនកិច្ចមកកាន់ប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោកមួយនេះ កាលពីខែមីនា ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យបញ្ចេញប្រេងច្រើនជាងនេះ ចូលក្នុងទីផ្សារពិភពលោក សម្រាប់រយៈពេលខ្លី ៕