ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រូបភាពបង្ហាញពីជីវិតរស់នៅរបស់ពលរដ្ឋក្នុងទីក្រុងព្យុងយ៉ាង ស្របពេលមានការរីករាដាលឆ្លងជំងឺ COVID-19

ក្រុងព្យុងយ៉ាង៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងជើង បានរាយការណ៍ការហក់ឡើងខ្ពស់ករណីឆ្លងទ្រង់ទ្រាយធំមួយទៀត ដែលគេជឿថាជាជំងឺ COVID-19 នៅក្នុងចំណោមប្រជាពលរដ្ឋមិនបានចាក់វ៉ាក់សាំងរបស់ពួកគេ ហើយក្រុមមន្រ្តីសុខាភិបាលយោធា ត្រូវបានដាក់ពង្រាយ ដើម្បីចែកចាយថ្នាំពេទ្យ ។
សារព័ត៌មានរដ្ឋ បានរាយការណ៍ថា ទីស្នាក់ការកណ្តាលប្រឆាំងវីរុសកូរ៉េខាងជើង បានរាយការណ៍ថា មនុស្ស ២៦៩.៥១០នាក់ មានជំងឺគ្រុនក្តៅ ហើយមនុស្ស ៦នាក់ បានស្លាប់ ។
ករណីស្លាប់ថ្មីនេះដែរ បានធ្វើឲ្យករណីស្លាប់សរុបនៅកូរ៉េខាងជើង កើនឡើងដល់ ៥៦នាក់ និងមនុសសជាង ១.៤៨លាននាក់ បានធ្លាក់ខ្លួនឈឺដោយសារគ្រុនក្តៅ ចាប់តាំងពីចុងខែមេសារហូតមក ។
កូរ៉េខាងជើង ជួបកង្វះខាតការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្ត បញ្ជាក់ពីការឆ្លងជំងឺ COVID-19 ក្នុងបរិមាណដ៏ច្រើន ហើយសេចក្តីរាយការណ៍ មិនបាននិយាយថា ករណីគ្រុនក្តៅប៉ុន្មាននាក់ គឺជាករណីជំងឺ COVID-19នោះទេ ។
ករណីឆ្លងនេះ ច្បាស់ណាស់ថាមានច្រើនជាងករណីគ្រុនក្តៅដែលបានរាយការណ៍ ដោយសារតែកង្វះខាតការធ្វើតេស្ត ហើយនិងធនធានពិនិត្យ និងព្យាបាល អ្នកដែលធ្លាក់ខ្លួនឈឺ ។
ការឆ្លើយតបនឹងវីរុសរបស់កូរ៉េខាងជើង គឺគ្រាន់តែដាក់ពួកគេ ឲ្យនៅដាច់ដោយឡែកប៉ុណ្ណោះ នៅតាមជម្រក សម្រាប់អ្នកដែលចេញរោគសញ្ញា ហើយមកទល់នឹងថ្ងៃអង្គារនេះ មនុស្សយ៉ាងហោច ៦៦៣.៩១០នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ។
បន្ថែមពីលើកង្វះខាតវ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ខ្លួន ២៦លាននាក់ កូរ៉េខាងជើង កំពុងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភ និងស្ថានភាពក្រីក្រផ្សេងទៀត និងកង្វះខាតឧបករណ៍សុខភាពសាធារណៈ ដែលរួមទាំងថ្នាំប្រឆាំងវីរុស ឬអង្គភាពថែទាំសុខភាព ។
ក្រុមអ្នកជំនាញសង្ស័យថា កូរ៉េខាងជើងនឹងមិនរាយការណ៍ករណីស្លាប់ច្រើននោះទេ ដើម្បីបន្ទាបផលប៉ះទង្គិចសម្រាប់មេដឹកនាំផ្តាច់ការ គីម ជុនអ៊ុន ដែលកំពុងជួបពេលវេលាដ៏លំបាកបំផុតក្នុងការគ្រប់គ្រងអំណាចរបស់លោក ក្នុងនោះការរីករាលដាលឆ្លងនេះ នឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់សរដ្ឋកិច្ចដែលដុនដាបរួចទៅហើយដោយសារទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែររបស់លោក ៕