តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធៀ ម៉ូហាម៉ាត់ (Mahathir Mohamad) កាលពីចុងសប្តាហ៍មុន បានរិះគន់ក្រុមសេដ្ឋកិច្ចថ្មីមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយនិយាយថា ក្រុមនេះមានបំណងដាក់ប្រទេសចិនឱ្យនៅឯកោពីគេឯង ហើយក្រុមនេះនឹងមិនផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់នោះទេ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីដើមសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាដិន (Joe Biden) បានចាប់ផ្តើមបង្កើតក្រុមនេះ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន១៣ ជាសមាជិក មានប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ សហរដ្ឋអាមេរិក និងវៀតណាម។
លោក បាយដិន បានអះអាងថា ក្រុមសេដ្ឋកិច្ចនេះ នឹងជួយឱ្យសហរដ្ឋអាមេរិកធ្វើការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងទ្វីបអាស៊ី លើវិស័យមួយចំនួន ដូចជាការផ្គត់ផ្គង់ទំនិញ ពាណិជ្ជកម្មឌីជីថល ថាមពលស្អាត និងការប្រឆាំងអំពើពុករលួយ។
ប្រតិកម្មទៅនឹងក្រុមសេដ្ឋកិច្ចរបស់អាមេរិក លោក មហាធៀ បានមានប្រសាសន៍នៅក្នុងសន្និសីទអន្តរជាតិ នាទីក្រុងតូក្យូថា «សហរដ្ឋអាមេរិកតែងតែចង់ប្រើប្រាស់ក្រុមបែបនេះ ដើម្បីកាត់ផ្តាច់ប្រទេសចិនឲ្យនៅឯកោ។ ប្រទេសជាច្រើនបានទទួលស្គាល់ថា នេះមិនមែនជាការបង្កើតក្រុមសេដ្ឋកិច្ចទេ វាជាការបង្កើតក្រុមនយោបាយសុទ្ទសាធ»។
លោក ម៉ាហាធៀ បានមានប្រសាសន៍បែបនេះដោយសំដៅប្រទេស ដែលស្ថិតនៅក្នុងក្រុមថា «នេះមិនល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកទេ។ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំសម្រាប់ម៉ាឡេស៊ី។ យើងមិនចង់ឃើញភាពតានតឹង ឬជម្លោះណាមួយជាមួយចិនទេ ហើយយើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងដឹងថា ចិនវត្តមាននៅគ្រប់ទីកន្លែង ចិនមិនរលាយបាត់ឡើយ ហើយយើងត្រូវរស់នៅជាមួយចិន»។
ក្រសួងការបរទេសជប៉ុន បាននិយាយថា សមាជិកទាំងអស់បានស្វាគមន៍ចំពោះការចាប់ផ្តើមបង្កើតក្រុមនេះ ក្រោមក្របខ័ណ្ឌសេដ្ឋកិច្ច និងបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ខ្លួន នៅក្នុងវិស័យមួយចំនួន ដូចជាការផ្លាស់ប្តូរឌីជីថល សន្តិសុខតាមអ៊ីនធឺណិត បច្ចេកវិទ្យាថ្មីៗ និងបណ្តាញផ្គត់ផ្គង់ទំនីញ។
ក្រសួងការបរទេស បាននិយាយទៀតថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) បានស្វៈស្វែងរកការគាំទ្រពីប្រទេសម៉ាឡេស៊ី ក្នុងការបង្កើតបាននូវតំបន់សេរី និងបើកចំហ នៅឥណ្ឌូប៉ាស៊ីហ្វិក ដែលជាចក្ខុវិស័យផ្សព្វផ្សាយដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការកើនឡើងនៃអំណាចយោធា និងសេដ្ឋកិច្ចរបស់ប្រទេសចិន នៅក្នុងតំបន់។
លោក ម៉ាហាធៀ អាយុ៩៦ឆ្នាំ ត្រូវបានគេមើលឃើញថា ជាអ្នកនិយាយមិនលាក់មាត់ ដើម្បីមេដឹកនាំបណ្តាប្រទេសមិនសូវអភិវឌ្ឍន៍ ហើយតែងតែនិយាយរិះគន់មេដឹកនាំមកពីបញ្ចឹមប្រទេស។
លោក ម៉ាហាធៀ គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយលោកបានក្លាយជាមេដឹកនាំ ដែលមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក តាំងពីលោកទើបានអាយុ៩២ឆ្នាំ៕