ភ្នំពេញ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលឈ្មោះមានបញ្ជឺបោះឆ្នោត បាននាំគ្នាទៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន ដើម្បីប្រើប្រាស់សិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំនៅក្នុងមូលដ្ឋានរបស់ពួកគេ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដែលចាប់ផ្ដើមពីថ្ងៃទី៥ខែមិថុនា ចាប់ពីវេលាម៉ោង៧ព្រឹករហូតដល់ម៉ោង៣រសៀល។
អ្វីដែលគួរអោយកត់សំគាល់ នៅលើបណ្ដាញសង្គម ឯណោះវិញ អ្នកដែលបានទៅបោះឆ្នោតថា បានថតបង្ហោះសារដោយបង្ហាញម្រាមដៃដែលមានជ្រលក់ទឹកថ្នាំបោះឆ្នោតដែលបញ្ជាក់ថាខ្លួន បានបំពេញតួនាទីក្នុងនាមជាពលរដ្ឋរួចរាល់ហើយ យ៉ាងណាម៉ិញសម្រាប់ទិដ្ឋភាពនៅមណ្ឌលបោះឆ្នោតនីមួយៗ មានប្រជាពលរដ្ឋឈរតម្រង់ជួរដើម្បីត្រៀមចូលទៅបោះឆ្នោត ដោយក្នុងដៃមានអាល់កុល និងពាក្យម៉ាស់គ្រប់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈពេលដែលកម្ពុជាបានរៀបចំការបោះឆ្នោតនៅក្នុងបរិបទកូវីដ១៩។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នឹងចាប់ផ្តើមដំណើរការពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។
ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧ពាន់នាក់ មកពី ៧៦ស្ថាប័ន បានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា សម្ភារៈ និងបរិក្ខាបម្រើឱ្យការបោះឆ្នោត ត្រូវបានដឹកទៅដល់ឃុំ/សង្កាត់ទាំង ១,៦៥២រួចរាល់ហើយ។ ក្នុងនោះមានការិយាល័យបោះឆ្នោតមួយនៅក្នុងខេត្តក្រចេះ ត្រូវបានប្រើឧទ្ធម្ភាគចក្រដឹកសម្ភារៈ បរិក្ខាបម្រើការបោះឆ្នោត ព្រោះការិយាល័យនោះមានចម្ងាយឆ្ងាយ ហើយផ្លូវពិបាកធ្វើដំណើរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋប្រើសិទ្ធិអំណាចរបស់ខ្លួនជ្រើសរើសមេឃុំ ឬចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដែលជាក្បាលម៉ាស៊ីនដឹកនាំនៅតាមឃុំ/សង្កាត់ ដែលពួកគេកំពុងរស់នៅ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាការបោះឆ្នោតសំខាន់ទី២ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាអ្នកដឹកនាំថ្នាក់មូលដ្ឋាន ដែលទទួលអំណាចពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាឃុំ/សង្កាត់ តាមឃុំ/សង្កាត់នីមួយៗមានសមាជិកពី ៥ ដល់ ១១នាក់ ដែលសមាមាត្រទៅនឹងចំនួនប្រជាជននៅក្នុងតាមឃុំ/សង្កាត់។ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដឹកនាំដោយប្រធានមួយរូបដែលត្រូវបានជ្រើសរើសចេញ ពីគណបក្សដែលទទួលបានសំឡេងគាំទ្រពីប្រជាជនច្រើនជាងគេ។
ការបង្កើតឱ្យមានក្រុមប្រឹក្សាឃុំ/សង្កាត់ តាមរយៈការបោះឆ្នោតជាសាកល គឺជារបត់នយោបាយដ៏សំខាន់មួយនៅកម្ពុជា។ សំខាន់នៅត្រង់ថា អាជ្ញាធរមូលដ្ឋានជាអ្នកដឹកនាំផ្ទាល់ និងនៅកៀកប្រជាពលរដ្ឋនោះ ធ្លាប់តែទទួលការតែងតាំងពីថ្នាក់លើ។ ប៉ុន្តែរយៈពេល៤អាណត្តិហើយ ក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសដោយផ្ទាល់។
តាមរយៈការបោះឆ្នោតនេះ មន្ត្រីឃុំ/សង្កាត់ ត្រូវតែបង្ហាញការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋឱ្យបានច្រើន បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រជាពលរដ្ឋទម្លាក់ចេញពីអំណាចតាមរយៈសន្លឹកឆ្នោត៥ឆ្នាំម្តង។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានធ្វើឡើងជាសកល ដូចទៅនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រផងដែរ។ ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០២ ដោយរាប់ថាអាណត្តិទី១។ ចាប់តាំងពីឆ្នាំ២០០២មក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង។
បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវបានជ្រើសមកពីគណបក្សនយោបាយ ដែលបានចុះបញ្ជីចូលរួមបោះឆ្នោតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ ក៏ត្រូវបានចុះបញ្ជីឈ្មោះជាមួយ គ.ជ.ប ផងដែរ៕