ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនិងនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការសុខភាពពិភពលោក(WHO)

ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះបានអនុញ្ញាតឱ្យលោកបណ្ឌិត Takeshi kasaiនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការសុខភាពពិភពលោក(WHO)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។
លោកបណ្ឌិត Takeshi kasaiបានគោរពជម្រាបជូនសម្ដេចតេជោថាសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជា មួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់និងការប្រឹងប្រែងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមន្ទីរសុខាភិបាលយុវជនស្ម័គ្រចិត្តនិងប្រជាជនកម្ពុជា។
លោកសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោកបានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖ ទី១) កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។
ទី២)កម្ពុជាជាប្រទេសគំរូក្នុងការតាមដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។ ទី៣)លោកមានសេចក្ដីរីករាយនិងថ្លែងអំណរគុណជាទីបំផុត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាត្តអោយទទួលកប៉ាល់ westerdamចូលចតនៅកម្ពុជា។
ទន្ទឹមនឹងនោះផងដែរនៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ាល់ចូល ចតប្រទេសដទៃទៀតក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។ ពេលនោះមានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រដែលមានកន្លែងចូលចត។
លោមបណ្ឌិត បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជនដែលជាប់នៅលើកប៉ាល់នាពេលនោះ។
លោកបានបន្ថែមទៀតថា លោកប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាមនិងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោកដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីកហើយនៅពេលនេះ កម្ពុជាកំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋានគឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ។
នៅក្នុងឱកាសនោះផងដែរសម្ដេចតេជោបានបន្តថាចំពោះការចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជាមិនឱ្យចូលចតទេ នោះប្រជាជននៅលើនោះនិងអាចស្លាប់ដោយសារអស់ទឹកអស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ មិនមានជំងឺកូវីដ-១៩។
ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ៕