ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ

ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញាតិឱ្យ លោក បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសចូលជួបសម្ដែងការគួរ និងពិភាក្សាការងារក្នុងឱកាសដែលឯកឧត្ដម រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ។
លោក អេ ខេ អាប់ឌុល ម៉ូមិនបានគោរពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដេស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដេស និងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។ជាមួយគ្នានោះដែរ លោក អេ ខេ អាប់ឌុល ម៉ូមិនបានជម្រាបជូនសម្ដេចតេជោនូវគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជាជាពិសេសវិស័យពាណិជ្ជកម្មដើម្បីរក្សាសន្តិសុខស្បៀងនៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក អេ ខេ អាប់ឌុល ម៉ូមិន ចំពោះរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបញ្ហាសេដ្ឋកិច្ចនិងបញ្ហាកូវី ដ-១៩។សម្តេចតេជោបានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រដ្ឋាភិបាលបង់ក្លាដេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសលើវិស័យពាណិជ្ជកម្ម សម្តេចតេជោ បានស្នើឲ្យ លោកលើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេសមកវិនិយោគនៅកម្ពុជាជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេសផ្ទាល់តែម្ដងឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន ៕