ភ្នំពេញ៖ លោក អេង លីឃ័ង នាយកក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី បានមានប្រសាសន៍កាលពីថ្ងៃទី២៤ខែកក្ដដានេះថា គម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងជិតរង្វង់មូលអប្សារា គល់ស្ពានព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញ ដែលអាចផ្តល់ឱកាសឱ្យធុរជន អាចធ្វើធុរកិច្ចនៅក្នុងគេហដ្ឋានរបស់ខ្លួនក្នុងមណ្ឌលពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។
ពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី នៅសាលប្រជុំ ដឺ ព្រីមៀ សេនធ័រ សែនសុខ ខណ្ឌសែន សុខរាជធានីភ្នំពេញ។ ចំណែក លោកកើត ឆែ អភិបារងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុនខាងលើនេះ ពិតជាបានបង្ហាញឱ្យឃើញពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដោយបានកៀរគរអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាកាន់តែខ្លាំង។
យោងតាមលោកអភិបាលរងរាជធានីភ្នំពេញខាងលើ ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា គឺផ្តើមចេញមកពីកត្តា២យ៉ាង នោះគឺ កត្តាសន្តិភាព និងកត្តាស្ថិរភាពនយោបាយ ហើយកម្ពុជា បើគ្មានសន្តិភាពពេញលេញទេ គឺគ្មាននរណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះទេ ។
លោក កើត ឆែ បានមានប្រសាសន៍បន្ថែមថា ចំពោះកត្តាស្ថិរភាពនយោបាយវិញ កម្ពុជាមានតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានកំណើនកើនឡើង ក្នុងរង្វង់៧% ជាច្រើនឆ្នាំ លើកលែងតែក្នុងបរិបទកូវីដ-១៩ រយៈពេល២ឆ្នាំប៉ុណ្ណោះ ។ កត្តាទាំង២នេះ នឹងធ្វើឲ្យកម្ពុជាដើរ លើនាវាអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។