ភ្នំពេញ៖ រយៈពេល៥ខែមកកន្លងមកនេះ ក្រសួងការពារជាតិហាក់នៅមិនទាន់មានពីព័ត៌មានស្តីពីចំណាត់ការលើឈ្មោះ ហួន សីហា ដែលរងការចោទពីរងគ្រោះច្រើនគ្រួសារថា បាន«ឆបោកលុយ»ពួកគាត់ជាថ្នូរចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
ជុំវិញករណីនេះ សារព័ត៌មាន ដេលីខ្មែរ បានទាក់ទងសុំការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី៤ ខែសីហានេះ ក៏ប៉ុន្តែពេលទូរស័ព្ទទៅមិនមាននៅក្នុងតំបន់សេវា ។
ប៉ុន្តែយោងតាម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះបានចេញបដិសេធរួចមកហើយថា« លោកមិនមានជំនួយការឈ្មោះ ហួន សីហា នោះទេ និងស្នើឲ្យមានការស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់»។
សូមរំលឹកថា បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក សារព័ត៌មានមួយចំនួនចុះផ្សាយលើមន្រ្តីសក្កិ៤កន្លះម្នាក់មានអត្តលេខ ២៣៣ ១១៩ នៅអង្គភាពកងពលធំលេខ២ កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ ឈ្មោះ ហួន ស៊ីហា ត្រូវបានជនរងគ្រោះបញ្ជាក់ថា លោកវរសេនីយ៍ទោ ហួន សីហា បាននិងកំពុងតែដើរក្លែងបន្លំសក្តិ និងតួនាទីរបស់ជាឧត្តមសេនីយ៍ និងជាជំនួយការ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
ក្រោយមក លោកវរសេនីយ៍ទោ ហួន ស៊ីហា ធ្លាប់បានចេញលិខិតបំភ្លឺថា ជុំវិញការផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅនេះមានខ្លឹមសារថា« មន្រ្តីសក្កិ៤កន្លះម្នាក់ក្លែងបន្លំសក្តិជាឧត្តមសេនីយ៍ដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទករណីនេះខ្ញុំបាទសូមអះអាងថា ពុំមែនជាការពិតឡើយ »។
នៅក្នុងលិខិតបន្ថែមថា«ម្យាងវិញទៀត បើពិតជាមានជនរងគ្រោះដែលទទួលរងភាពអយុត្តិធម៌ ដូចអ្វីដែលបានចុះផ្សាយ ពីថ្ងៃទី២៨ខែកុម្ភៈពិតប្រាកកដមែន ខ្ញុំបាទសូមឲ្យជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ចដើម្បីតតាង និងដោះស្រាយតាមនីតិវិធីច្បាប់»។
ជុំវិញករណីខាងលើនេះ សព្វថ្ងៃ ជនរងគ្រោះជាច្រើននាក់ ដែលចាញ់បោកឈ្មោះ ហួន សីហា បាននិងកំពុងតែរៀបចំពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ចរួចហើយដែរ កំពុងតែរង់ចាំអ៊ុតលទ្ធផល តាមផ្លូវច្បាប់ លើបុគ្គលខាងលើនេះ ។
ពលរដ្ឋជាអ្នករងគ្រោះ បានសំណួមពរយ៉ាងទទូច សូមគោរពជូន ចំពោះ សម្តេចពិជ័យ សេនា ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមសម្តេច មេត្តា រកយុត្តិធម៌នឹងចាត់វិធានការលើមន្រ្តីខិលខូចរូបនេះផង កុំឲ្យដើរបោកប្រាស់ឬឆបោកគេទៀត ដោយសារឥឡូវបុគ្គលខាងលើ មិនតាន់បានមកដោះស្រាយឲ្យជនរងគ្រោះនៅឡើយទេ។