ភ្នំពេញ: ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលីហ្វូត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះបានរៀបចំធ្វើពិធីខួបកំណើតជូនដល់កូនស្រីជាទីស្រឡាញ់របស់លោកស្រី មានឈ្មោះថា “លីលី” ដែលបច្ចុប្បន្នជា CEO របស់ក្រុមហ៊ុនផលិតនំស្រួយ លីលី។
កម្មវិធីនោះគឺមានការចែកអំណោយជាប៉ៅអ៊ី ម្នាក់មួយ ដល់បុគ្គលិក កម្មករ សរុបជាង ២០០ នាក់។កញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានផ្តល់ឱកា សកូនស្រីជាទីស្រឡាញ់ កញ្ញា លីលី កាន់តំណែងជាអគ្គនាយកក្រុមហ៊ុន (CEO) រយៈពេល ២ឆ្នាំមកហើយ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២០ មក ។
កញ្ញា លីលី ជាកូនទី២ របស់លោកស្រី ខណៈដែលលោកស្រីមានកូន៣នាក់ ក្នុងនោះប្រុស២នាក់ និងស្រី១នាក់។
ក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលមានរោងចក្រ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរ ចាប់ពីខែឧសភា ឆ្នាំ២០១២។
ក្រុមហ៊ុនផលិតនំស្រួយ លីលី មិនត្រឹមជាសហគ្រាសផលិត ដើម្បីផ្គត់ផ្គង់ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេ ដែលមានសមត្ថភាព លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផលិត ជាផលិតផលសម្រេចចំណីអាហារ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី មីយ៉ាន់ម៉ា វៀតណាម ចិន ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង ផងដែរ៕