(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ានឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានចុះឆែកឆេរទីតាំងបញ្ចាំម៉ូតូគ្មានច្បាប់អនុញ្ញាត នៅភូមិស្រែស្ដៅ សង្កាត់ អូរឬស្សី ក្រុងក្រចេះ។
យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ ដែលភ្នាក់ងារ Fresh News ទទួលនៅរសៀលថ្ងៃទី១០ ខែសីហានេះ ម្ចាស់លំនៅដ្ឋានមានឈ្មោះ ភន ឡេង (ប្ដី) អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ ដៀប គីម អាយុ៤៥ឆ្នាំ។
ក្នុងប្រតិបត្តការឆែកឆេរនោះ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតចំនួន៣៣គ្រឿងរួមមាន៖
១-ម៉ាកវ៉េវចំនួន ១០គ្រឿង
២-ម៉ាកស៊ីរូសចំនួន ០១គ្រឿង
៣-ម៉ាកហុងដាឌ្រីចំនួន ១០គ្រឿង
៤-ម៉ាកហ្សូម័រអ៉ិចចំនួន ០៤គ្រឿង
៥-ម៉ាកស្មាស់ចំនួន ០២គ្រឿង
៦-ម៉ាកនៃហតចំនួន ០១គ្រឿង
៧-ម៉ាកហុងគុបចំនួន ០២គ្រឿង
៨-ម៉ាកអ៉ិចសាយធ័រចំនួន ០១គ្រឿង
៩-ម៉ាកវីវ៉ាចំនួន ០១គ្រឿង
១០-ម៉ាកឆាលីចំនួន ០១គ្រឿង។ ម៉ូតូទាំង៣៣គ្រឿង មានស្លាកលេខចំនួន២០គ្រឿងប៉ុណ្ណោះ។
បច្ចុប្បន្ន នគរបាលដកហូតម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ទុកពេលស្រាវជ្រាវស្វែងរកប្រភពឲ្យបានច្បាស់លាស់ និងបានផ្អាកផ្ទះដែលជាកន្លែងស្តុកម៉ូតូជាបណ្តោះអាសន្ន ដើម្បីបំពេញនីតិវិធី៕