មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់លោកខាងលិច មកលើប្រទេសរុស្ស៊ី ព្រោះតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលលោកចាត់ទុកថា ជារឿងតូចតាច ប៉ុន្តែអឺរ៉ុប និងអាមេរិក នាំគ្នាចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោកទាំងមូល។
នៅក្នុងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចចុងបូព៌ា ប្រារព្ធទីក្រុង វ៉្លាឌីវ៉ុស្តុក (Vladivostok) របស់រុស្ស៊ី នៅថ្ងៃពុធនេះ លោកបាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការឈ្លានពានផ្នែកសេដ្ឋកិច្ចពីលោកខាងលិច។
ប៉ុន្តែប្រធានាធិបតីរុស្ស៊ីរូបនេះ បានព្រមានថា គុណភាពជីវិតរបស់ប្រជាជនអឺរ៉ុប កំពុងជួបការលំបាកដោយសារទណ្ឌកម្មលើរុស្ស៊ី ខណៈប្រទេសក្រីក្របំផុត កំពុងជួបប្រទះបញ្ហាខ្វះស្បៀងអាហារ។
លោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយដែរថា អឺរ៉ុបកំពុងយករឿងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅបោកប្រាស់ប្រទេសក្រីក្រពិតប្រាកដ ព្រោះគ្រាប់ម្មធញ្ញជាតិនាំចេញភាគច្រើន គឺនាំចូលទៅកាន់ប្រទេសក្នុងទ្វីបអឺរ៉ុប មិនមែននាំចូលប្រទេសក្រីក្រក្នុងទ្វីបអាហ្វ្រិកឡើយ។
មេដឹកនាំរុស្ស៊ីរូបនេះ បានអះអាងថា «ចាប់តាំងពីមានការនាំចេញគ្រាប់ធញ្ញជាតិឡើងវញ នៅដើមខែសីហា មានតែកប៉ាល់ដឹកគ្រាប់ធញ្ញជាតិតែពីរគ្រឿងប៉ុណ្ណោះ ដែលបានទៅដល់អាហ្វ្រិក ផ្សេងពីនោះ គឺកាន់ប្រទេសក្នុងទ្វីបអឺរ៉ុបទាំងអស់»។
យោងតាមតួលេខនាំគ្រាប់ធញ្ញជាតិចេញពីប្រទេសអ៊ុយក្រែន ដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ រហូតមកដល់ថ្ងៃនេះ មានចំនួន៤១កប៉ាល់ ក្នុងនោះមានមួយកប៉ាល់បានទៅដល់ប្រទេសស៊ូដង់ និងមួយកប៉ាល់ទៀតបានទៅដល់ប្រទេសជីប៊ូទី ក្នុងទ្វីបអាហ្វីក ចំណែក៣៩គ្រឿងទៀត ភាគច្រើនចូលអឺរ៉ុប។
ប្រទេសរុស្ស៊ី បានបើកការឈ្លានពានចូលអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ហើយឥឡូវនេះបានកាន់កាប់ប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែនទាំងមូល។ ប្រាំមួយខែក្រោយមក ទាហានរុស្ស៊ី ត្រូវបានទាហានអ៊ុយក្រែនដេញត្រឡប់ទៅវិញ ចេញពីតំបន់ជុំវិញទីក្រុងកៀវ និងនៅភាគខាងជើង ហើយឥឡូវនេះប្រឈមមុខនឹងការវាយបករបស់ទាហានអ៊ុយក្រែន នៅភាគខាងត្បូង និងខាងកើត។
ប្រទេសលោកខាងលិចបានឆ្លើយតបទៅនឹងសង្រ្គាមនេះ តាមរយៈការដាក់ទណ្ឌកម្មលើបុគ្គលល្បីៗ អ្នកជំនួញធំ និងម្ចាស់សហគ្រាសរដ្ឋមួយចំនួនធំរបស់រុស្ស៊ី។ សហភាពអឺរ៉ុប បានព្យាយាមកាត់បន្ថយការពឹងផ្អែកលើឧស្ម័ន និងប្រេងនាំចូលរុស្ស៊ី ហើយទីក្រុងម៉ូស្គូ បានបិទបំពង់បង្ហូរឧស្ម័នដ៏ធំទៅកាន់ប្រទេសអាឡឺម៉ង់ ដោយយកលេសថា មានបញ្ហាបច្ចេកទេស។
តម្លៃថាមពលបានឡើងថ្លៃមែនទែនក្នុងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ហើយរដ្ឋមន្ត្រីសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីរកវិធីដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរនេះ។ មេដឹកនាំរុស្ស៊ី បានថ្កោលទោសសំណើកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ីថា ជារឿងឆោតល្ងង់។ លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ភ្ញៀវនៅក្នុងវេទិការសេដ្ឋកិច្ចនេះថា ក្រុមមេដឹកនាំបច្ចឹមប្រទេសកំពុងព្យាយាមបង្ខំប្រទេសដទៃឲ្យធ្វើតាមទម្លាប់របស់ខ្លួន។
លោកបាននិយាយទៀតថា «ក្រុមហ៊ុនអឺរ៉ុបជាច្រើន បានប្រញាប់ប្រញាល់ចាកចេញពីប្រទេសរុស្ស៊ី ប៉ុន្តែឥឡូវនេះយើងកំពុងមើលឃើញខ្សែចង្វាក់ផលិតម្ម និងការងារនៅអឺរ៉ុប កំពុងបិទទ្វារពីមួយទៅមួយ»។
ជាការបន្ថែមទណ្ឌកម្មលើរុស្ស៊ី សហភាពអឺរ៉ុប បានហាមឃាត់ការហោះហើរត្រង់ពីប្រទេសរុស្ស៊ី ហើយកាលពីសប្តាហ៍មុន ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន២៧ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងមូស្គូខឹងសម្បារថែមទៀត ដោយឯកភាពគ្នាធ្វើឲ្យការធ្វើដំណើរប្រើទិដ្ឋាការ Schengen របស់អឺរ៉ុប កាន់តែលំបាកសម្រាប់ជនជាតិរុស្ស៊ីទាំងអស់។ តម្លៃទិដ្ឋាការ Schengen កាន់តែឡើងថ្លៃនៅក្នុងប្រទេស២២ ដែលជាសមាជិកអឺរ៉ុប ហើយឥឡូវនេះប្រទេសបីក្នុងតំបន់បាល់ទិកទ បានធ្វើលើសនឹងទៀត ដើម្បីរារាំងជនជាតិរុស្ស៊ីមិនឲ្យឆ្លងចូលពីប្រទេសរុស្ស៊ី និងពីបេឡារុស្ស លើកលែងតែអ្នកបើកបរឡានដឹកទំនិញធំៗ ឬអ្នកមានបញ្ហាគ្រួសារ និងក្នុងគោលបំណងមនុស្សធម៌។
នៅក្នុងសុន្ទរកថា ដែលមើលទៅទំនងជាសំដៅលើអ្នកសង្កេតការណ៍មកពីបច្ចឹមប្រទេស លោកប្រធានាធិបតី វ៉្លាឌីមៀពូទីន បាននិយាយថា ទំនុកចិត្តលើប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ របស់អឺរ៉ុប និងប្រាក់ផោន របស់អង់គ្លេស កំពុងបាត់បង់តម្លៃនៅចំពោះមុខប្រជាជនទូទៅ។ ទន្ទឹមនឹងនេះដែរ រុស្សីកំពុងងើបចេញពីសង្រ្គាម និងបានពង្រឹងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងរឹងមាំ។
លោកបានថ្លែងថា «ខ្ញុំដឹងច្បាស់ណាស់ថា យើងមិនបានបាត់បង់អ្វីទាំងអស់ ហើយយើងនឹងមិនបាត់បង់អ្វីទាំងអស់»។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយចោទប្រកាន់ថា «លោក ពូទីន ចង់បំផ្លាញស្ថិរភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់គ្រួសារទាំងអស់នៅអឺរ៉ុប» ដោយប្រើប្រាស់ធនធានថាមពលរបស់ខ្លួនជាអាវុធ ខណៈប្រជាជននៅអឺរ៉ុបកំពុងតែត្រូវការដើម្បីដុតកម្តៅក្នុងផ្ទះ នៅរដូវរងារចូលមកដល់ខាងមុខនេះ៕